ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់បុគ្គលក្លែងព្រះរាជសារហ្លួងម៉ែ ពីបទឆបោក និងក្លែងបន្លំឯកសារសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តំណាងអយ្យការបានបើកការស៊ើបសួរ និងចោទប្រកាន់រួចហើយចំពោះបុគ្គលឈ្មោះ ហាក់ ឧត្ដម ពីបទ ឆបោក បទក្លែងបន្លំឯកសារសាធារណៈ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង តាមមាត្រា ៣៧៧ មាត្រា៣៧៨ មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា ប៉ុន្មានថ្ងៃមកនេះមានការចែកចាយជាបន្តបន្ទាប់តាមប្រព័ន្ធបណ្តាញសង្គមនូវព្រះរាជសារមួយច្បាប់ទាក់ទិននឹងការនិមន្តព្រះធម្មវនវាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។ បន្ទាប់ពីមានការចែកចាយលិខិតនោះ ក្រសួងព្រះបរមរាជវាំងបានបដិសេធ ដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែងនៅម្តុំវិទ្យាល័យសម្តេច ជា ស៊ីម សន្ធរម៉ុក ដោយរូបគេជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្ត ក្នុងគោលបំណងទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាន។ 

សូមបញ្ជាក់ថា ៖ ឃាត់ខ្លួនជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គធម្ម វនវាសី ចន្ទ មុនី ទៅទេសនានៅខេត្តកំពត ដោយនគរបាល នាយកដ្ឋានកណ្តាលសន្តិសុខ ខណះជននេះបានតាំងខ្លួនជាខ្សែរាជវង្ស ហើយតែងតែក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ! ។

សូមបញ្ជាក់ថា៖ «អ្នកក្លែងបន្លំឯកសារសាធារណៈ ត្រូវជាប់ទោសពីបទឧក្រិដ្ឋ នឹងអាចជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។ » 

ដោយ ៖ សហការី


ចែករំលែក៖