ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនប្រឡងបាក់ឌុបថ្ងៃស្អែកនេះ​! នាំគ្នាទៅបន់ស្រន់​តាម​ជំនឿ នៅមណ្ឌលប្រឡងរបស់ខ្លួន​តាមបណ្ដារាជធានី​-ខេត្ត​

ចែករំលែក៖

ភ្នំពេញ៖​ នៅថ្ងៃស្អែកនេះ! គឺជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដូច្នេះ​នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ គេសង្កេត​ឃើញថា​ បេក្ខជនដែលត្រូវប្រឡង​បាននាំគ្នា​មកពិនិត្យឈ្មោះ លេខបន្ទប់ ,លេខតុ​ និងបន់ស្រន់ នៅមណ្ឌលប្រឡងនានានៅទូទាំងប្រទេស ដើម្បីសុំសេចក្ដីសុខសប្បាយ សម្រាប់ដំណើរការប្រឡងបាក់ឌុប​នេះផងដែរ។ 

សូមជម្រាបជូនថា​ សម្រាប់ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ​នឹង​ចាប់​ផ្ដើម​នា​ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ស្អែកនេះ​ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាន​នាំ​គ្នា​ទៅ​ពិនិត្យបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុក នៅតាមមណ្ឌលប្រឡងនានាទូទាំងប្រទេស ដើម្បី​បាន​ដឹងពីលេខរៀងតុ និងលេខរៀងបន្ទប់ ក៏ដូចជាប្លង់អាគារ។

ជាក់ស្ដែង​ទិដ្ឋភាពនៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេស នៅព្រឹកនេះ គឺមាន​ភាពអ៊ូអរ​ព្រោះជា​ថ្ងៃ​បិទ​បង្ហាញ​ឈ្មោះ​បេក្ខជនប្រឡង។ ជាក់ស្ដែងសម្រាប់មណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ មាន​ទាំង​វត្ត​មាន​សិស្ស មានទាំងវត្តមានអាណាព្យាបាលជូនកូនមកពិនិត្យ លេខបន្ទប់ប្រឡង លេខរៀងតុ ក៏ដូចជាអាគារប្រឡងឱ្យបានច្បាស់។

សម្រាប់​សិស្សដែលបានមកពិនិត្យឈ្មោះប្រឡងនៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ មួយចំនួន លើកឡើងថា​ពួក​គេមានភាពជឿជាក់លើខ្លួនឯងថា អាចប្រឡងជាប់ ក៏ដូចជារំពឹងនិទ្ទេសល្អ។ ភាព​ជឿជាក់នេះ ក៏ដោយសារការព្យាយាមសិក្សាជាខ្លាំងរបស់ពួកគេ។ ពួក​គេក៏បាន​សន្យា​ធ្វើ​ឱ្យ​បាន​ល្អ​បំផុតសម្រាប់ពួកគាត់ជាអ្នកមានគុណ។

ចំពោះអាណាព្យបាលដែលបានជូនកូន មកពិនិត្យឈ្មោះប្រឡងនៅថ្ងៃនេះ ក៏បាន​មើល​ឃើញ​ពី​ការ​ព្យាយាម​របស់កូនសម្រាប់ការប្រឡងមួយនេះដែរ។ ពួកគេជាអាណាព្យាបាល មានតែលើក​ទឹក​ចិត្ត និង​ជូនពរកូនឱ្យទទួលជោគជ័យសម្រាប់ការប្រឡងនេះ។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ សម្រាប់ទាំងសិស្សថ្នាក់សង្គម និង​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ ត្រូវប្រឡង ៧មុខវិជ្ជាដូចគ្នា និងមានរយ:ពេល ២ថ្ងៃដូចគ្នា។ ការប្រឡង​គឺ​ចាប់​ផ្ដើម​នៅម៉ោង​ ៧.៣០ នាទីព្រឹក។ ការប្រឡងក្នុងឆ្នាំនេះ រដ្ឋមន្រ្តីក្រសួងអប់រំ នៅតែអនុវត្ត​គោល​ការណ៍ ​ចេះគឺជាប់ និងមិនអនុញ្ញាតឱ្យមានបញ្ហាលួចចម្លងជាដាច់ខាត។ ការប្រឡងក្នុងឆ្នាំនេះ ក៏​នឹង​មាន​វត្តមានអប្បមាទ ជំនួយការអប្បមាទ វត្តមានមន្រ្តី ACU ចូលរួមក្នុង​ដំណើរ​ការ​ប្រឡង​ផង​ដែរ​៕

ដោយ​៖ សហការី​


ចែករំលែក៖