ព័ត៌មានទាន់ហេតុការណ៍៖

លោក ពុយ គា និយាយក្រៅឆាក៖ ប្រាំរាត្រីលើទឹកដីចិន

ចែករំលែក៖

ទីក្រុងប៉េកាំង ៖ រដូវត្រជាក់ធ្លាក់ខ្យល់ពីជើង នាចុងរដូវស្លឹកឈើជ្រុះ បាននាំខ្ញុំពីភាគខាងត្បូងរហូតដល់ភូមិភាគកណ្តាលនៃទឹកដីចិនដែលធ្លាប់ពុះចែកជាបី ល្បីក្នុងរឿងភាគនិទានសាមកុក។

ចេញពីទីក្រុងប៉េកាំងដល់ជីងចូវ ខេត្តហឺណាន (Henan) ភូមិភាគកណ្តាលដែលធ្លាប់គ្រប់គ្រងដោយមេទ័ពដ៏ល្បីល្បាញ គួន អ៊ី ឈ្មោះរបស់ខ្ញុំ ពុយ គា ត្រូវបានចិនប្តូរទៅជាឈ្មោះ ភី ឃឹយ៉ាក ដែលស្តាប់ទៅដូចជាបងធំមួយ ហើយពេលគេអានឈ្មោះខ្ញុំម្តងៗ ធ្វើឱ្យខ្ញុំស្ទើរភាំងស្មារតី។

លិខិតឆ្លងដែនរលុបរលោងមិនខុសពីសព្វមួយដង ពេលធ្វើដំណើរទៅដល់ប្រទេសចិនលើកនេះ គេក៏ឆ្ងល់សួរខ្ញុំទៀតថាកាន់លិខិតឆ្លងដែនអ្វី? ព្រោះអក្សរសំគាល់ឈ្មោះប្រទេសនៅលើគម្របមុខត្រូវរលុបអស់រលីង រហូតដល់គេនិយាយបែបកំប្លែងថា ប្រហែលជាខ្ញុំពូកែស្ទាបឬអង្អែលពេកទេដឹង ទើបមានសណ្ឋានបែបនេះ (Sic)។

ជាងមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនពិតជាបានអភិវឌ្ឍលឿន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាដ៏ទំនើបស្ទើរគ្រប់កន្លែងរហូតដល់មានលុយកាន់នឹងដៃហើយពិបាកចាយដោយគេតម្រូវឲ្យបង់តាមរលកធាតុអាកាស (WeChat) ហើយជីវភាពប្រជាជនរបស់គេមើលទៅហាក់ដូចជាមានភាពស៊ីវិល័យ ធូរធា ទោះជាចិនទទួលស្គាល់ថាខ្លួនក៏កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកលដែរក៏ដោយ។

ការទទួលភ្ញៀវ ចិននៅតែមិនចោលទំនៀមទម្លាប់របស់ខ្លួនក្នុងការទទួលភ្ញៀវឲ្យបានល្អនោះគឺម្ហូបអាហារមិនឲ្យខ្វះឡើយ។ មួយពេលៗចន្លោះពី១២ទៅ១៨មុខម្ហូប ឬប៊ូហ្វេម៉ាសេរី ប៉ុន្តែក្លិននៅតាមបន្ទប់ទឹកនិងក្លិនបារីនៅតែមិនទាន់កែបាននៅឡើយនៅក្នុងប្រទេសចិន។

សារមន្ទីរដូចផ្សារលក់ទំនិញ ពលរដ្ឋចិន ជាពិសេសយុវជនបាននាំគ្នាចូលទៅសារមន្ទីរដូចចូលទៅផ្សារទំនើបលក់ទំនិញ។ នេះអាចជាការឆ្លុះបញ្ចាំងថាយុវជនចិននិយមសិក្សាស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្រ្តរបស់គេ។

សង្ឃសាវលិញ ប្រវត្តិសង្ឃសាវលិញពូកែក្បាច់គុនបានចាប់កំណើតនៅជ្រលងភ្នំហ៊ុមព័ទ្ធដោយគិរីនិងព្រៃព្រឹក្សានៅភូមិភាគកណ្តាលនៃទឹកដីជីងចូវនេះឯង។ ដោយសារក្បាច់គុន កែងឆេះ ជង្គុងហោះ លោតផ្លោះដោយសង្ឃសាវលិញធ្វើឱ្យពិភពលោកស្គាល់ចិន និងទាញទេសចររាប់លាននាក់ក្នុង១ឆ្នាំៗដើម្បីមកមើលវត្តនិងសង្ឃសាវលិញ។ ការសម្តែងសិល្បៈរបស់ក្រុមសាវលិញនៅជ្រលងភ្នំនារាត្រីកាលដ៏សែនត្រជាក់បានពញ្ញាក់ស្រើបអស់ស្មារតីនិងឥទ្រ្ទិយារម្មណ៍លង់លក់ក្នុងស្បៃរាត្រីបមបីដោយភ្លើងពណ៌ម្តងម្កាលផ្អើលដល់អមនុស្សស្រីឆោមលោមស្នេហ៍នៅក្នុងឈុតឆាកសម្តែងថ្លែងនិទាននារាត្រីថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតនាំអ្នកទស្សនាភ្លេចអស់តម្លៃថ្លៃចូលមើលសម្តែងជាង២០០ដុល្លារ។

ទំពក់ក្បាច់គុណខ្មែរ និងគុងហ្វូចិន អាជ្ញាធរខេត្តហឺណានបានសម្តែងបំណងចងភ្ជាប់ក្បាច់គុនខ្មែរនិងគុងហ្វូរបស់ចិនដើម្បីលើកកំពស់វប្បធម៌ឲ្យគេស្គាល់កាន់តែខ្លាំង និងញ៉ុំាងឱ្យមានកំណើនភ្ញៀវទេសចរដល់ប្រទេសទាំងពីរកាន់តែច្រើន។

ហេតុអ្វីចិនមកកម្ពុជាតិចម្ល៉េះ?  សន្តិសុខ និងសុវត្ថិភាព គឺជាបញ្ហាចំបងដែលជនជាតិចិនមានការបារម្ភនិងភ័យខ្លាច ហើយក៏មិនមែនសំដៅតែខេត្តព្រះសីហនុមួយនោះទេ គឺគេសរុបរួមជាប្រទេសតែម្តង។ គេទទួលបានរឿងមិនល្អពីកម្ពុជាតាមរយៈសារព័ត៌មាន និងការនិយាយតៗគ្នាក្នុងចំណោមពលរដ្ឋចិន ក៏ដូចជាការរំលឹកជាបន្តបន្ទាប់ពីអាជ្ញាធរចិនឲ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរមកកម្ពុជា។ កត្តាមួយទៀតដោយសារសេដ្ឋកិច្ចចិនមានបញ្ហាដែរ ដូច្នេះចិនបានកំហិតដល់អ្នកដែលចូលនិវត្តន៍ ភាគច្រើនជាអ្នកមានលុយគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅក្រៅប្រទេស កុំទាន់អាលចេញទៅក្រៅរង់ចាំរហូតដល់ពាក់កណ្តាលឆ្នាំក្រោយ។

អាពាហ៍ពិពាហ៍ចិន ថ្ងៃចេញដំណើរមកប្រទេសកំណើតវិញ (ថ្ងៃទី៥ វិច្ឆិកា) គាប់ជួនមានគ្រួសាររអ្នកមាន និងជាមន្រ្តីលំដាប់ខ្ពស់មួយរូបនៅចិន បានរៀបអាពាហ៍ពិពាហ៍ឲ្យកូនត្រឹមតែ១០តុប៉ុណ្ណោះ។ នេះជាទម្លាប់មួយដែលជនជាតិចិន ក៏ដូចជានៅបណ្តាប្រទេសជឿនលឿនដដៃទៀតកម្រនឹងធ្វើធំដូចនៅកម្ពុជា។ បរទេសមួយចំនួនបានសួរខ្ញុំថា «ហេតុអ្វីបានជាគ្រួសារខ្លះនៅកម្ពុជារៀបចំពិធីអាពាហ៍ពិពាហ៍ធំៗម្ល៉េះ? ដើម្បីបង្ហាញថាក្រតាមលែងទាន់ហើយ?» ខ្ញុំឆ្លើយតបវិញថា ភាសាខ្មែរគេនិយាយថា «ការគិតរបស់មនុស្ស មិនដូចទេវតាគិតនោះទេ…»

នៅមានរឿងរ៉ាវក្រៅក្នុងខ្លះទៀត តែខ្ញុំសូមស្លេះប៉ុណ្ណេះសិនចុះ៕

ដោយ ៖ ពុយ គា


ចែករំលែក៖