ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានដកស្រង់សម្តីឧត្តមនាវីទោ Vadim Kulit អនុប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ីក្នុងប្រទេសស៊ីរី ដែលបាននិយាយកាលពីថ្ងៃទី៥ខែវិច្ឆិកាថា កងកម្លាំងយោធារុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសទៅលើឃ្លាំងផ្ទុកយន្តហោះគ្មានមនុស្សបើកមួយកន្លែងនៅក្នុងខេត្ត Idlib ប្រទេសស៊ីរី។
លោក Kulit បាននិយាយថា “កងកម្លាំងអាកាសរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងឃ្លាំងនៃយន្តហោះគ្មានមនុស្សបើករបស់ពួកឧទ្ទាមដែលចូលរួមក្នុងការបាញ់ផ្លោងទីតាំងរបស់កងទ័ពរដ្ឋាភិបាលស៊ីរី” ។
កងទ័ពស៊ីរីបានស្តីបន្ទោសក្រុមឧទ្ទាមដែលខ្លួនហៅថាក្រុមជីហាដអ៊ិស្លាម ចំពោះប្រតិបត្តិការវាយប្រហារលើតំបន់កាន់កាប់ដោយរដ្ឋាភិបាលនៅក្នុងខេត្ត Idlib និង Aleppo និងបដិសេធការបាញ់ផ្លោងមិនរើសមុខចូលទៅក្នុងតំបន់ស៊ីវិលនៅក្នុងតំបន់ដែលគ្រប់គ្រងដោយពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី៕ ដោយ៖ ធីរីណា
រូបថត៖ Reuters