ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង ១ម៉ឺន ៥ពាន់នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញ​ជួបសំណេះ​សំណាលជា​មួយ​កម្មករ និយោជិតប្រមាណ ១៥,១៩៤នាក់​ ក្នុងនោះមានកម្មការិនី​មានផ្ទៃ​ពោះចំនួន ៤៨២នាក់​ នៅតំបន់សេដ្ឋកិច្ច​ពិសេស​ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត​ ថ្លែង​ថា ការចុះជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់ នាពេលនេះ គឺមិនមែនជាកិច្ចជំនួបចុងក្រោយទេ គឺនៅមានបន្តបន្ទាប់ទៀត ដើម្បីបន្តស្វែងរកដំណោះស្រាយជូនដល់បងប្អូន។

-សម្ដេចធិបតី​ ថ្លែង​ថា កម្មករ និយោជិត គឺជាកម្លាំងចលករមួយផ្នែកនៅក្នុងការជួយជំរុញដល់ កំណើនសេដ្ឋកិច្ចកម្ពុជា។​  សម្ដេចធិបតី​ ថ្លែងអំណរគុណ ដល់កម្មករ និយោជិត ដែលតែងតែបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

-សម្តេចធិបតី ថ្លែង​ថា​ រោងចក្រសហគ្រាសនីមួយៗប្រៀបបានដូចជាឋាមពល ឬថ្ម ដើម្បីសាកប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈថ្មមានឋាមពលខ្លាំងភាពរីកចម្រើនប្រទេសក៏កាន់តែខ្លាំងយ៉ាងដូច្នេះដែរ។

-សម្ដេចធិបតី​ ថ្លែង​ថា កម្ពុជាមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ គឺតាំងពីជាប្រទេសដែលទទួ លការឧបត្ថម្ភស្ទើរតែទាំងស្រុងពីប្រទេសជាមិត្ត មកជាប្រទេសដែលមានលទ្ធភាពផ្គត់ផ្គង់ និងផលិត ដោយខ្លួនឯង ព្រមទាំងនាំចេញទៅក្រៅប្រទេសថែមទៀត។

-សម្ដេចធិបតី​ ថ្លែងថា​ ទារកដែលកើតនៅអំឡុងពេលនេះ មានសំណាងខ្ពស់ជាងឪពុកម្ដាយ របស់ខ្លួនដែលកើតនៅអំឡុងរបបខ្មែរក្រហម ដោយសារបច្ចុប្បន្នស្ថានភាពសុខភាពម្ដាយឪពុករបស់ គេកាន់តែប្រសើរ មានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចំពោះសុខភាពម្ដាយ មានពេទ្យដែលមានវិជ្ជា ជីវៈនៅតាមមូលដ្ឋានពលរដ្ឋរស់នៅ និងមានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលជាដើម។

-សម្ដេចធិបតី​ ថ្លែង​ថា តាមបទពិសោធន៍ដែលខ្ញុំធ្លាប់ទៅបំពេញទស្សនកិច្ចនៅប្រទេសនានា ឃើញថា ឆ្នេរខ្សាច់សមុទ្រកម្ពុជា គឺស្ថិតនៅលំដាប់កំពូល។

-សម្ដេចធិបតី​ ថ្លែងថា​ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺកែប្រែខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២ ទៅជាខេត្តដែលមានការអភិវឌ្ឍពហុបំណង និងកាន់តែរីកចម្រើន។

-សម្ដេចធិបតី​ ថ្លែងថា​ យើងកំពុងកែប្រែឃ្លាំងដាក់ទំនិញមួយបន្ថែមទៀត ដើម្បីរៀបចំជាផែឱ្យ នាវាដឹកទំនិញចូលចត ដោយសារកម្ពុជាមានកំណើននៃការដឹកជញ្ជូនច្រើន។

-សម្ដេចធិបតី​ ថ្លែង​ថា ពិធីបុកគ្រឹះផ្លូវការពង្រីកការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងរៀបចំធ្វើនៅដំណាច់ឆ្នាំ២០២៣ នេះ។

-សម្ដេចធិបតី ជំរុញឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ឱ្យអាចរត់ក្នុងល្បឿនយ៉ាងតិច ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

-សម្ដេចធិបតី បានឯកភាព និងជំរុញឱ្យមានការចុះបញ្ជីដីធ្លីឱ្យបានលឿន ដើម្បីប្រជាពលរដ្ឋឆាប់បានយកទៅប្រើប្រាស់។

-សម្ដេចធិបតី​ ថ្លែង​ថា​ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ចំគោលដៅ និងសក្ដានុពលនៅតាមតំបន់នីមួយៗ ដើម្បីធ្វើឱ្យគ្រប់វិស័យដំណើរការ និងមានការរីកចម្រើនគ្រប់ ផ្នែក។

-សម្ដេចធិបតី​ ថ្លែងថា​ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ក្រៅពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនការបណ្ដាក់ទុននៅកម្ពុជា។

-សម្ដេចធិបតី​ ថ្លែងថា​ ដើម្បីបង្កើនការវិនិយោគនៅកម្ពុជា កត្តាចម្បងបំផុត គឺត្រូវមានសន្តិភាព និងស្ថិរភាព ព្រមទាំងមានគោលនយោបាយត្រឹមត្រូវ(គឺបញ្ចប់សង្គ្រាម, សេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតត្រឹមត្រូវ)។

-សម្តេចធិបតី ថ្លែង​ថា កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវនោះទេ ពោលគឺត្រូវទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ចំណុចនេះសម្តេចធិបតី ក៏បានចំអកឱ្យគណបក្សណាមួយនោះ មិនទាន់ទាំងជាប់ឆ្នោតធ្វើនាយករដ្ឋមន្រ្តីផង ប្រកាសប្រឆាំង ឬកម្ចាត់ប្រទេសនេះ ប្រទេសនោះបាត់ទៅហើយ។​ សម្ដេចធិបតី​ ថ្លែង​ថា ភាពត្រឹមត្រូវនៃការទូតនេះហើយធ្វើឱ្យកម្ពុជាអាចនាំចេញនូវផលិតផលទៅបណ្ដាប្រទេសនានាដោយគ្មានការរារាំង។

សម្ដេច​ធិបតី​ បានគូសបញ្ជាក់ថា​ «គោលនយោបាយការទូតសំខាន់ណាស់! យើងនាំចេញទំនិញទៅអឺរ៉ុប ទៅមជ្ឈឹមបូព៌ា ទៅអាស៊ាន អត់មានយកប្រទេសណាមួយជាសត្រូវទេ។ ទោះជាពលរដ្ឋយើងទៅប្រទេសណាមួយក៏យើងអត់មានយកប្រទេសណាជាសត្រូវដែរ»។ 

-សម្ដេចធិបតី​ ថ្លែងថា​ សមត្ថកិច្ច និងអាជ្ញាធរគ្រប់ផ្នែក ត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់នៅ ខេត្តព្រះសីហនុឱ្យបានកាន់តែល្អ ដើម្បីទាក់ទាញវិនិយោគ និងទេសចរទៅកម្សាន្ត។

-សម្ដេចធិបតី​ ថ្លែងថា​ ខេត្តព្រះសីហនុ បើធ្វើត្រូវ មិនត្រឹមតែអាចចិញ្ចឹមពលរដ្ឋបានជាច្រើន លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែជាខេត្តនាំមុខ ដែលនឹងជួយជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនកាន់តែលឿន។

-សម្ដេចធិបតី​ ថ្លែង​ថា រដ្ឋាភិបាលមានគម្រោងភ្ជាប់ផ្លូវហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅកាន់តំបន់ទេសចរណ៍នៅថៃ វៀតណាម ម៉ាល់ឌីវ និងហ្វីលីពីនជាដើម ដើម្បីបង្កើនការវិនិយោគ និង ទេសចរនៅកម្ពុជា។

បេីតាមការ​បញ្ជាក់ពី​លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីនេះ មកពីរោងចក្រ សហគ្រាសចំនួន៣០ រួមមាន៖ រោងចក្រផលិតគ្រឿងសង្ហារិមចំនួន១១, កាត់ដេរសម្លៀកបំពាក់ចំនួន៤, ផលិតសម្ភារៈសត្វចំនួន២, ផលិតកេសកាតុងចំនួន២, ផលិតចំណីសត្វចំនួន២, ផលិតថ្មម៉ាបចំនួន១, កែច្នៃស្បែកចំនួន១, ផលិតសម្ភារៈការិយាល័យចំនួន១, ដេរស្បែកជើងចំនួន១, ផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ចំនួន១, ជ្រលក់ក្រណាត់ចំនួន១, ផលិតអេប៉ុងចំនួន១, និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងប្លាស្ទិកចំនួន១។

លោករដ្ឋមន្ត្រី​ បន្ត​ថា​ តំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី មានផ្ទៃដីប្រមាណ ១៣០ហិកតា ចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៩ ជាមួយទុនវិនិយោគជាង ២៤៥លានដុល្លារអាមេរិក។ តំបន់សេដ្ឋកិច្ចពិសេសនេះ វិនិយោគដោយលោក ជូ ចាងជីង ជនជាតិចិន។ តំបន់សេដ្ឋកិច្ចពិសេសចេជាង មានរោងចក្រ សហគ្រាសចំនួន២៤ មានកម្មករ និយោជិតសរុបប្រមាណ ៨,០៨៥នាក់។ ផលិតផលដែលផលិតនៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានដូចជាអាវសម្រាប់សត្វចិញ្ចឹម និងប្រឡៅ ស្រោមសាឡុង សម្លៀកបំពាក់ពេទ្យ និងបរិក្ខារពេទ្យ ថ្មម៉ាប គ្រឿងសង្ហារិម សាឡុង តុទូផ្ទះបាយ ថង់ប្លាស្ទិក សំបកកេសកាតុង ចំណីសត្វចិញ្ចឹម អេប៉ុង កែច្នៃស្បែកសម្រាប់ផលិតជាចំណីសត្វចិញ្ចឹម និងសម្ភារៈការិយាល័យ។

សូមបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកសាងរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត និងបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យកៀកនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនោះ រោងចក្រ សហគ្រាសត្រូវបានពង្រាយទៅតាមបណ្តាខេត្តស្ទើរទូទាំងប្រទេស។ បច្ចុប្បន្នរោងចក្រ សហគ្រាសតាមបណ្តាខេត្ត បានកើនពីចំនួន ៦៤រោងចក្រ និងមានកម្មករ និយោជិតត្រឹមប្រមាណ ៨ម៉ឺននាក់នៅឆ្នាំ១៩៩៧ មកដល់ចំនួន ១៧,៧២៣រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបប្រមាណ ១.៥លាននាក់ គិតត្រឹមខែតុលា ឆ្នាំ២០២៣។ ក្នុងនោះ វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានចំនួន ១,៣៣៣រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបចំនួន ៨២២,២៣៥នាក់ ដោយបានចំណូលប្រចាំឆ្នាំប្រមាណ ២.៦ពាន់លានដុល្លារ។

បច្ចុប្បន្នខេត្តព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបចំនួន៦២៣ និងមានកម្មករ និយោជិតកំពុងបម្រើការងារសរុបប្រមាណ ៨ម៉ឺន ផ្តល់ប្រាក់ឈ្នួល​សរុបជាង ២៣៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់​ដេរមាន​ចំនួន៥៨ ផ្តល់ការងារជូន​កម្មករ និយោជិតសរុបប្រមាណ ២ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ៦២លាន​ដុល្លារក្នុង​មួយឆ្នាំ៕

ដោយ៖ ស​ តារា


ចែករំលែក៖