ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ៣ សំខាន់ៗ ដែលធ្វើឲ្យកម្ពុជា អាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ មានគោលនយោបាយ ៣សំខាន់ៗ ដែលធ្វើឱ្យប្រទេសកម្ពុជាអនុវត្តបានត្រឹមត្រូវ គឺ បញ្ចប់ភ្លើងសង្គ្រាម បើកចំហរសេដ្ឋកិច្ច និងការធ្វើនយោបាយកការទូតត្រឹមត្រូវ។ 

ការបញ្ចប់សង្គ្រាមធ្វើឲ្យប្រទេសមានសន្តិភាព ខណៈការបើកចំហសេដ្ឋកិច្ច បានទាក់ទាញអ្នកវិនិយោគ និងបើកចំហរទីផ្សារជូនដល់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាកម្មករ-កម្មការិនី និងនិយោជិត តាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅមានគោលនយោបាយដែលសំខាន់មួយទៀត គឺគោលនយោបាយការទូត ដែលអាចឱ្យកម្ពុជាអាចនាំចេញទំនិញទៅអឺរ៉ុប ទៅមជ្ឈឹមបូព៌ា ទៅអាស៊ាន។ កម្ពុជាអត់មានយកប្រទេសណាមួយជាសត្រូវទេ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវនោះទេ ពោល គឺ ត្រូវទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ចំណុច នេះសម្តេចធិបតី ក៏បានចំអក ឲ្យគណបក្សណាមួយនោះ មិន ទាន់ទាំងជាប់ឆ្នោត ធ្វើនាយករដ្ឋមន្រ្តីផង ប្រកាសប្រឆាំង ឬចង់កម្ចាត់ប្រទេសនេះប្រទេសនោះចោលបាត់ទៅហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ៖ កម្ពុជាស្វាគមន៍ប្រទេស ទាំងអស់នៅទូទាំងពិភពលោក មិនថាប្រទេសណានោះទេ ជាក់ស្តែង ដូចនៅ ខេត្ត ព្រះសីហនុនេះ តែម្តង គឺមានអ្នកវិនិយោគចិន អាមេរិក ជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀត នៅតំបន់អឺរ៉ុប គេបានកំពុងធ្វើការវិនិយោគនៅខេត្តជាប់សមុទ្ររបស់កម្ពុជានេះតែម្តង។ នេះហើយ ជា គោល នយោបាយការទូតបើកចំហររបស់កម្ពុជា។

យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការដែលប្រទេសគេជឿជាក់ និងដាក់ទុនវិនិយោគជាមួយប្រទេសយើង ក៏ដោយសារ តែ ប្រទេស កម្ពុជា មានសុខសន្តិភាពផងដែរ ដូច្នេះបងប្អូនកម្មករ កម្មការិនី រួមទាំង បង ប្អូន ប្រជាពលរដ្ឋ ទាំង អស់គប្បី បន្តរួម គ្នាថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន ខណៈមានសុខសន្តិភាព នឹងមាន ការ អភិវឌ្ឍជាបន្តបន្ទាប់ ហើយមានការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋ ក៏នឹងកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ៕ 

ដោយ ៖ សហការី


ចែករំលែក៖