ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សឯកភាពជាតិខ្មែរ ថ្កោលទោសក្រុមពួកប្រឆាំងជ្រុលនិយម និងក្រុមអង្គការសង្គមស៊ីវិលមួយក្ដាប់តូច ដែលមានលក្ខណៈប្រឆាំងធ្វើការញុះញង់, លាបពណ៌បំផ្លើសការពិត

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សឯកភាពជាតិខ្មែរ ថ្កោលទោសក្រុមពួកប្រឆាំងជ្រុលនិយម និងក្រុមអង្គការសង្គមស៊ីវិលមួយក្ដាប់តូច ដែលមានលក្ខណៈប្រឆាំងធ្វើការញុះញង់, លាបពណ៌បំផ្លើសការពិត, ទំលាក់កំហុសដោយចេតនាមកលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ខណៈពួកក្រុមជ្រុលនិយមទាំងនោះចោទប្រកាន់ថា ការតែងតាំងសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា ជាការគ្មានប្រយោជន៍ និងធ្វើឲ្យមានការចំណាយថវិកាជាតិ​ខ្ជះខ្ជាយជាដើមនោះ។

លិខិតថ្កោលទោសបានបញ្ជាក់ថា ៖ យើងខ្ញុំទាំងអស់គ្នាជា ថ្នាក់ដឹកនាំគណបក្សឯកភាពជាតិខ្មែរ សូមធ្វើការថ្កោលទោសក្រុមប្រឆាំងជ្រុលនិយមនៅ ក្រៅប្រទេស និងក្រុមអង្គការសង្គមស៊ីវិលមួយក្ដាប់តូច ដែលបានផ្តល់បទសម្ភាសតាមរយៈវិទ្យុអាស៊ីសេរី (RFA)បានធ្វើការ ញុះញង់ លាបពណ៍បំភ្លឺការពិត ទំលាក់កំហុសដោយចេតនាមកលើ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថាការ តែងតាំងសមាសភាពប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការគ្មានប្រយោជន៍ និងចោទថាការបន្ត រអាណត្តិ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នេះជាការចំណាយថវិកាជាតិខ្ជះខ្ជាយឥតប្រយោជន៍។ ចំពោះការចោទ ប្រកាន់ខាងលើនេះ គឺគ្មានការពិតទេ នេះគ្រាន់តែផែនការទុច្ចរិត និង ជាមុខរបរដែលក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច និងក្រុម អង្គការសង្គមស៊ីវិលខ្លះស៊ីឈ្នួលធ្វើនយោបាយបម្រើបរទេស បានសាបព្រោះជិត៣០ឆ្នាំមកហើយ ដើម្បីបំផ្លាញផលប្រយោជន៍ជាតិ កម្ពុជាទាំងមូល។

ចំពោះគណបក្សឯកភាពជាតិខ្មែរក៏ដូចជាគណបក្សដទៃផ្សេងទៀតបានសម្រេចចិត្តចូលរួមក្នុងយន្តការ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តាមគោលការណ៍ស្ម័គ្រចិត្ត និងជាសិទ្ធិស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីចូលរួមដោះស្រាយបញ្ហា និង ដើម្បីចូលរួមកសាងផលប្រយោជន៍ជូនជាតិ និង ជូនប្រជាជនកម្ពុជាសុទ្ធសាធ។

គណបក្សឯកភាពជាតិខ្មែរ ប្តេជ្ញាគោរពប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជា និយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម និងពង្រឹងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាយើង ប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍន ភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

គណបក្សឯកភាពជាតិខ្មែរ រួមសហការគ្នាគ្រប់គណបក្សនយោបាយដែលគិតគូរពីសុខសន្តិភាព ស្ថេរភាព សេរីភាព និងគិតគូរផលប្រយោជន៍ជាតិ ដើម្បីទប់ស្កាត់ និង លុបបំបាត់ចោលនូវនយោបាយជ្រុលនិយមចេញឲ្យផុតពី ព្រះរាជាណាចក្រកម្ពុជា និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច និងវិទ្យុអាស៊ីសេរី ស៊ីប្រាក់ខែបរទេស ហើយបាននិងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិត ញុះញង់លាបពណ៌ឲ្យខ្មែរ និងបំបែកបំបាក់សាមគ្គីផ្ទៃក្នុង ជាតិ ដើម្បីបម្រើនយោបាយឲ្យបរទេស ៕ 

ដោយ ៖ សិលា


ចែករំលែក៖