ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
– សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះ បញ្ជាការដ្ឋានទ័ពពិសេស ដែលក្នុងរយៈពេល២៨ ឆ្នាំកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា ក្នុងនោះរួមទាំងការចូលរួមចំណែកបោសសម្អាតមីនចេញពីផ្ទៃដីកម្ពុជាផងដែរ។
-សម្តេចធិបតី ថ្លែងថា សន្ដិភាព និងការបង្រួបបង្រួមជាតិ គឺជាការរកបានដោយលំបាកបំផុត ដែលសមិទ្ធផលទាំងនេះ ក៏បានកើតចេញពីការលះបង់នូវសាច់ស្រស់ឈាមស្រស់ របស់យោធិនជំនាន់មុនរបស់កម្ពុជា។ សម្ដេច ឧទ្ទិសនូវសមិទ្ធផលដែលកម្ពុជា កំពុងទទួលបាននាពេលនេះ ដល់យោធិនដែលបានពលីទាំងអស់ ក្នុងការការពារជាតិ និងបូរណភាពទឹកដីកម្ពុជា។
-សម្តេចធិបតី ថ្លែងថា ការបញ្ជូនកងទ័ពមួកខៀវទៅកាន់ប្រទេសនានា នៅលើពិភពលោក គឺជាសកម្មភាពមនុស្សធម៌សុទ្ធសាធ និងដើម្បីបញ្ជាក់ថា កម្ពុជាស្រឡាញ់នូវសុខសន្តិភាពផងដែរ។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តសកម្មភាព សហការជាមួយអង្គការសហប្រជាជាតិ បញ្ជូនកងទ័ពកម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។
-សម្តេចធិបតី បានក្រើនរំលឹកដល់កងទ័ពទាំងអស់មិនត្រូវធ្វើការធ្វេសប្រហែសនោះឡើយ ចំពោះអំពើភេរវកម្ម បើទោះបីជាបច្ចុប្បន្នកម្ពុជាមិនដែលរងគ្រោះដោយសារការគំរាមកំហែងពីភេរវករ ក៏ដោយ។
-សម្តេចធិបតី ថ្លែងថា ការធ្វើទំនើបកម្មទ័ពពិសេស គឺផ្ដោតលើការធ្វើទំនើបកម្មចំនួន ៣ យ៉ាង ក្នុងនោះ មានការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មហ្វឹកហ្វឺន និងការធ្វើទំនើបកម្មសម្ភារៈ ឬគ្រឿងបំពាក់សម្រាប់យោធា។ សម្តេច ថា រាជរដ្ឋាភិបាលនីកាលទី៧ នឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មទ័ពពិសេស រួមទាំងកងទ័ពជើងទឹកផងដែរ ដោយអនុវត្តតាមគោលនយោបាយការពារជាតិរបស់កម្ពុជា។
-សម្តេចធិបតី ថ្លែងថា ការប្រយុទ្ធគ្នាដោយទ្រង់ទ្រាយធំនៅកម្ពុជា នឹងមិនអាចមានបន្តទៀតនោះឡើយ ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ចំពោះការគំរាមកំហែងចំពោះសន្តិសុខជាតិ ដោយមិនអាចធ្វេសប្រហែស បាននោះឡើយ។
-សម្តេចធិបតី ប្រកាសបញ្ជាឱ្យកងទ័ពកម្ពុជា ត្រូវយកចិត្តទុកដាក់បន្ថែមលើការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារជាតិ និងប្រយុទ្ធប្រឆាំងនឹងក្រុមភារវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។
-សម្តេចធិបតី ប្រកាសជំរុញឱ្យបង្កើតស្ថាប័នមួយសម្រាប់យោធា ក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដយោធានានា ហើយការធ្វើការស្រាវជ្រាវយុទ្ធសាស្រ្តនេះ ត្រូវធ្វើយ៉ាងណាឱ្យសមស្របទៅនឹងកងទ័ពរបស់កម្ពុជា។
-សម្តេចធិបតី ប្រកាសជំរុញឱ្យធ្វើការពង្រឹងដល់សាលានាយទាហាន តាមគោលនយោបាយ ឯករាជ្យ និងប្រទាក់ក្រឡា ដើម្បីដំឡើងកម្រិត និងការបណ្ដុះបណ្ដាលនាយទាហាន។ ចំណែកសាកលវិទ្យាល័យការពារជាតិ គួរផ្តោតលើការពង្រឹងយុទ្ធសាស្រ្តស្រាវជ្រាវ និងកិច្ចការងារការពារជាតិ។
-សម្តេចធិបតី ជុំវិញការធ្វើទំនើបកម្មកងទ័ព បានណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ បន្ថែមទៀតលើការហ្វឹកហ្វឺនឱ្យបានជាប់ជាប្រចាំ ដោយផ្ដោតជាសំខាន់ទៅលើការពង្រឹងកសាងសាលាហ្វឹកហ្វឺន ទីលានហ្វឹកហ្វឺន និងជាពិសេសការពង្រឹងសមត្ថភាពគ្រូ ក៏ដូចជាយោធាចារ្យ។
-សម្ដេចធិបតី ណែនាំដល់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំងអស់ បង្កើនជំនាញប្រឆាំងអំពើភេរវកម្មឱ្យបានសកម្ម និងខ្លាំងក្លាថែមទៀត ដោយសម្ដេចធិបតី បញ្ជាក់ថា កុំគិតថានៅកម្ពុជាមិនមានអំពើភេរវកម្មឱ្យសោះ។
-សម្តេចធិបតី ថ្លែងថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នេះ សម្តេចបានប្ដេជ្ញាបន្តការពារឱ្យបានជាដាច់ខាតនូវការថែរក្សាសន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ដោយអនុវត្តតាមយុទ្ធសាស្ត្រ «ការពារ ដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ ដើម្បីការពារ»៕
ដោយ៖ ស តារា