ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀសថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តម អ៊ុក សុជាតិ បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:០៤នាទី រំលងអាធ្រាត ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។
មរណភាពរបស់ឯកឧត្តម អ៊ុក សុជាតិ គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ដែលជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការអប់រំផ្ដល់ដំបូន្មាន ដល់កូន ចៅ និងជាការបាត់បង់នូវធនធានមនុស្ស ដែលជាឥស្សរជនដ៏ឆ្នើមមួយរូប របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាព្រឹទ្ធាចារ្យវិរៈសិល្បករ និងជាថ្នាក់ដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើ ថែរក្សា ការពារ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ ឲ្យមានភាពរីកចម្រើន ដែលជាគំរូវីរភាព និងជាគុណបំណាច់របស់ឯកឧត្តមចំពោះបុព្វហេតុបម្រើជាតិមាតុភូមិ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយនឹងលោកជំទាវ សូ សូលីដារី និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អ៊ុក សុជាតិ សូមបានប្រតិស្ឋានក្នុងទីឋានបរមសុខ នាសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សហការី