ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងធ្លាក់ផ្លូវ រុស្ស៊ីស៊ើបអង្កេតសញ្ញានៃអំពើភេរវកម្ម

ចែករំលែក៖

យោងតាមទីភ្នាក់ងារសារព័ត៌មាន Ria Novosti គណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ីបានប្រកាសបើកការស៊ើបអង្កេតលើសញ្ញានៃ “អំពើភេរវកម្ម” បន្ទាប់ពីរថភ្លើងដឹកទំនិញបានធ្លាក់ចេញពីផ្លូវរថភ្លើងក្នុងទីក្រុង Ryazan ភាគនិរតីនៃទីក្រុងម៉ូស្គូ។
គណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ី បាននិយាយថា គ្រឿងផ្ទុះផលិតនៅផ្ទះបានបណ្តាលឱ្យរថភ្លើងចំនួន ១៩ ទូធ្លាក់ពីលើផ្លូវរថភ្លើងកាលពីថ្ងៃទី 11 ខែវិច្ឆិកា ដែលក្នុងនោះទូរថភ្លើងចំនួន15 បានរងការខូចខាត។ គណៈកម្មាធិការបានបើកការស៊ើបអង្កេតក្រោមបទប្បញ្ញត្តិស្តីពីការវាយប្រហារភេរវកម្មនិងការរក្សាទុក និងដឹកជញ្ជូនគ្រឿងផ្ទុះខុសច្បាប់នៃក្រមព្រហ្មទណ្ឌរបស់ប្រទេស។
អ្នកបើកបររថភ្លើង និងជំនួយការអ្នកបើកបរបានរងរបួសស្រាល មិនមានការគំរាមកំហែងដល់បរិស្ថាន ហើយឧបទ្ទវហេតុនេះមិនប៉ះពាល់ដល់ចលនារបស់រថភ្លើងដឹកអ្នកដំណើរ ឬអ្នកដំណើរឡើយ។ គណៈកម្មាធិការស៊ើបអង្កេតសហព័ន្ធរុស្ស៊ីកំពុងកំណត់គ្រប់កាលៈទេសៈដែលទាក់ទងនឹងឧប្បត្តិហេតុនេះ ក៏ដូចជាអ្នកដែលទទួលខុសត្រូវជាចម្បងចំពោះឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនេះ។
នៅក្នុងខែឧសភាឆ្នាំនេះ ការផ្ទុះរថភ្លើងមួយបានកើតឡើងនៅព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន។ មន្ត្រីរុស្ស៊ីជឿថា ក្រុមឧទ្ទាមគាំទ្រអ៊ុយក្រែនបានធ្វើការវាយប្រហារជាច្រើននៅក្នុងតំបន់នេះ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ 2022មក៕

ដោយ៖ ធីរីណា(រូបថត៖ Baza)


ចែករំលែក៖