ខេត្តកំពង់ឆ្នាំង ៖ ខឹងខុស ខឹងខាត គិតខ្លី ចិត្តភ្លើង ចុងក្រោយបាត់បង់កិត្តិយស ។ មន្ត្រីយោធាម្នាក់ដកកាំភ្ភ្លើងខ្លីម៉ាក រ៉ូឡូ បាញ់ឡើងលើមួយគ្រាប់ ក្រោយពីផឹកស្រវឹង និងមានទំនាស់ពាក្យសម្ដីគ្នា។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ ស្ថិតនៅក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ។ ទោះបីជាយ៉ាងនេះក្តី ក្រោយកើតហេតុ មន្ត្រីយោធារូបនេះ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនផងដែរ ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា យោធាប្រើអាវុធខ្លីបាញ់ឡើងលើមួយគ្រាប់នេះមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានមុខងារជាយោធាបម្រើការងារនៅអង្គភាពមួយ ក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ មន្ត្រីយោធាបាញ់បោះសេរីរូបនោះ រួមនឹងមិត្តភក្តិម្នាក់ទៀត បានមកលេងផ្ទះរបស់ឈ្មោះ ផូ កូលាប ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ បន្ទាប់មកក៏មានការផឹកស៊ីផងដែរ។
ប្រភពដដែលបន្តថា លុះរហូតដល់វេលាម៉ោងជាង៨យប់ ស្រាប់តែមានទំនាស់ពាក្យសម្ដីនឹងគ្នាកើតឡើងតែម្ដង ។ ខណៈសមត្ថកិច្ចឃាត់ខ្លួនកំពុងធ្វើការសាកសួរនោះ មិនទាន់បញ្ជាក់បានទេថា តើទំនាស់ខាងលើនេះកើតឡើងដោយសាររឿងអ្វីឡើយ? ប៉ុន្តែនៅពេលទាស់ពាក្យសម្ដីគ្នានោះ មន្ត្រីយោធារូបនោះបានដកកាំភ្ភ្លើងខ្លីម៉ាក រ៉ូឡូ បាញ់ឡើងលើមួយគ្រាប់ ទុកជាការគំរាម ធ្វើឲ្យមានការឆោឡោកើតឡើងតែម្ដង។
បន្ទាប់មកយោធារូបនោះ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួននាំយកមកសាកសួរ និងកំពុងបន្តការសាកសួរនៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកានេះ នៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងនៅឡើយ។
បញ្ហាគ្រឿងស្រវឹង ករណីខ្លះធ្វើឲ្យមនុស្ស ប្ដូរចរិតពីស្លូតមកឆេវឆាវ អំនួតក្អេងក្អាង ទៅជាប្រព្រឹត្តអំពើខុសឆ្គង ខឹងខុស ខឹងខាត ហ៊ានដកកាំភ្លើងបាញ់បោះ រហូតដល់សមត្ថកិច្ចឃាត់ខ្លួន ទើបភ្ញាក់ខ្លួន ប៉ុន្តែបាត់បង់កិត្តិយស និងត្រូវមាន ទោសទណ្ឌ ក៏ដូចជាវិន័យកងទ័ពជាដើម ប្រសិនបើការប្រើប្រាស់អាវុធនេះ គ្មានលិខិតអនុញ្ញាត (បេសកកម្ម) នោះកាន់តែមានបទល្មើសព្រហ្មទណ្ឌ ៕
ដោយ ៖ សហការី