ភ្នំពេញ៖ រដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេ មេគង្គ និងដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំសិក្ខាសាលាអន្តរជាតិស្ដីពីស្ថានភាពត្រីបបែល យក្សទឹកសាប និងពិធីប្រគល់ជូនវិញ្ញាបនបត្រកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ស្ដីពីត្រីទឹកសាបធំបំផុត ជូនលោករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ ចាប់ពីម៉ោង ៨ ដល់១១ ព្រឹក នៅសណ្ឋារគារ ហ៊ីម៉ាវ៉ារី ទីក្រុងភ្នំពេញ ដែលមានការអញ្ជើញជាកិត្តិយពីលោក ហាស់ សារ៉េត តំណាងលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កម្មវិធីនេះ ក៏មានការផ្ដល់បណ្ណសរសើរដល់បុគ្គលឆ្នើមដែលបានចូលរួមការពារ និងអភិរក្សត្រីបបែលយក្ស និងជីវៈចម្រុះទន្លេមេគង្គ ពិភាក្សាពីរបាយ ចំនួនប្រជាករ លក្ខណៈជីវសាស្ត្រ និងរៀបចំធ្វើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពីត្រីបបែលយក្សទឹកសាប ដើម្បីរៀបចំ ផែនការនាពេលអនាគតក្នុងការស្រាវជ្រាវ គ្រប់គ្រង និងអភិរក្ស ក្នុងតំបន់ទន្លេមេគង្គ និងប្រព័ន្ធទន្លេនានាលើពិភពលោក៕
ដោយ៖ សហការី