ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ៥នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពគាស់ផ្ទះអាជីវករលក់ចាប់ហួយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ក្មេងស្ទាវប្រាំនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពគាស់ផ្ទះអាជីវករលក់ចាប់ហួយ យកសម្ភារៈនិងទ្រព្យសម្បត្តិ អស់ជាច្រើនប្រភេទ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃ ទី១២ វិច្ឆិកា ២០២៣ ចំណុចថុងប៉ុង ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី។

ប្រភពព័ត៌មានឲ្យដឹងថា មានប្រជាពលរដ្ឋរាយការណ៍ទៅនគរបាលរដ្ឋបាលរយ៉ថា នៅផ្ទះជនរងគ្រោះឈ្មោះ ង៉ុយ ភារិន ភេទស្រី អាយុ៣៥ឆ្នាំ មានករណីចោរលួចគាស់ផ្ទះរបស់ខ្លួនយកអស់សម្ភារៈមួយចំនួន។ ក្រោយកម្លាំងរដ្ឋបាលប៉ុស្តិ៍ចុះត្រួតពិនិត្យ ក៏កំណត់មុខសញ្ញាជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនយុវជនចំនួន ៥នាក់ ដើម្បីសាកសួរ និងកសាងសំនុះរឿង។

ប្រភពបន្តថា ករណីលួចខាងលើនេះជនសង្ស័យមានចំនួន០៥នាក់ ១-ឈ្មោះ សុវណ្ណ ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី,២-ឈ្មោះ ម៉ុន មេឃ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី,៣-ឈ្មោះ រុណ ហ៊ីង  ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកសិករ រស់ នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌល គិរី,៤-ឈ្មោះ ចយ ម៉ី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរីនិង៥-ឈ្មោះ ពុធ ធារ័ត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរយះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

វត្ថុតាងចាប់យកបានរួមមាន ១/ស្រាបៀរម៉ាកlager beer(ស្រាបៀវៀតណាម) ចំនួន០៤កេះ,២/ភេសជ្ជៈខារ៉ាវចំនួន០៤កេះ,៣/ពិលចំនួនមួយ,៤/ដងសន្ទូចចំនួន ០១ដើម,៥/ប៊ីដុងដាក់សាំងចំនួន០១ចំណុះ៣០លីត្រ, ៦/ម៉ូតូម៉ាកយ៉ាម៉ាហា អុិចសិនធ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ០១ គ្រឿង,៧/ម៉ូតូម៉ាកហុងដា កូឡា ពណ៌ទឹក ប្រាក់ គ្មានស្លាកលេខ ០១ គ្រឿង ។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញប្រគល់ជូនទៅម្ចាស់ដើមវិញ ។ ដោយឡែកម៉ូតូចំនួន០២ គ្រឿងរបស់ជនសង្ស័យនិងជនសង្ស័យទាំង០៥នាក់ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖