ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃព្រះរាជសវនាការ រវាង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង 🇰🇭🇫🇷

ចែករំលែក៖

ទីក្រុងប៉ារីស ៖ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា បានជួបព្រះរាជសវនាការជាមួយ លោក Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង នៅវិមាន Élysée នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

បន្ទាប់ពី លោក Emmanuel MACRON បានថ្វាយព្រះពរស្វាគមន៍យ៉ាងកក់ក្តៅ ព្រះករុណា ព្រះ មហាក្សត្រ បានមានព្រះបន្ទូលរំលឹកអំពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Emmanuel MACRON កាលពីខែធ្នូកន្លងទៅ។

ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយគ្រប់រូបភាពដែល រដ្ឋាភិបាលបារាំងបានផ្ដល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ទាំងនេះបង្ហាញពីការយកចិត្ត ទុកដាក់របស់បារាំងចំពោះប្រទេសកម្ពុជា។

ព្រះករុណា ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការ បន្តយន្តការអន្តររដ្ឋាភិបាលស្ដីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវ នៃ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»។ គំនិតផ្តួចផ្តើមនេះត្រូវបានរាជ រដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  ព្រះករុណា ព្រះមហាក្សត្រ ក៏បានសំដែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះ (១) គម្រោងនៃការសិក្សាការ ជួសជុល និងការពង្រីកសារមនី្ទរជាតិដោយអ្នកជំនាញរបស់បារាំង (២)កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរ ជាតិ និងសារមន្ទីរ Guimet និង (៣) ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណ ខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។

ជាកិច្ចឆ្លើយតប លោក Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុង ការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្ដុះបណ្ដាល ធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។

លោក Emmanuel MACRON បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់ វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារមនី្ទរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុ ធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត ។

លោក Emmanuel MACRON បានចាត់ទុកថាជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្ស រមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។

តបនឹងព្រះរាជសំណើរបស់ ព្រះករុណា ព្រះមហាក្សត្រ លោកប្រធានាធិបតីបារាំង បានសន្យាថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavilion Napoleon III នៅក្នុងបរិវេណ ព្រះបរមរាជវាំង។

ដោយបានដឹងថាកម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី លោកប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ ២០២៦ ហើយបានសន្យាថាបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា ។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាព រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយ ព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំង មានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់ បារាំងនៅអាស៊ី។

នៅចុងបញ្ចប់នៃព្រះរាជសវនាការ លោក Emmanuel MACRON បានសូមយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅទីក្រុងបារីស នាថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ ២០២៤។ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានសូមអញ្ជើញ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង លោកជំទាវចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា។ លោក ប្រធានាធិបតី បានបញ្ជាក់នូវសេចក្តីរីករាយក្នុងការចូលរួម ៕ 

ដោយ ៖ សិលា


ចែករំលែក៖