ព័ត៌មានទាន់ហេតុការណ៍៖

លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា៖ កងកម្លាំងនគរបាលជាតិ បានបង្កើតស្នាដៃយ៉ាងធំធេងក្នុងការរក្សានូវស្ថិរភាព ជីវភាពសង្គមចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ​៖​ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា​ រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាអនុគណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា បានសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តដោយស្មោះចំពោះកងកម្លាំងនគរបាលជាតិកម្ពុជា ដែលជានិច្ចកាលបានខិតខំព្យាយាមជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូប្តូរផ្តាច់ ការពារ ខឿនសន្តិភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ទប់ស្កាត់បាននូវអំពើភេរវកម្ម និងបង្ក្រាបទាន់ពេលវេលានូវបទឧក្រិដ្ឋឆ្លងដែន។ លោកសន្តិបណ្ឌិត​ បន្តថា កងកម្លាំងនគរបាលជាតិ បានបង្កើតស្នាដៃយ៉ាងធំធេងក្នុងការរក្សានូវស្ថិរភាព ជីវភាពសង្គមចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល។ 

ការថ្លែងបែបនេះ​របស់​លោកសន្តិបណ្ឌិត​ នាឱកាស​អញ្ជើញជាអធិបតីបើកមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមមិត្តនគរបាលជាតិកម្ពុជា ជាច្រើនរូបផងដែរ។ 

នាឱកាសនោះ លោកសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាអនុគណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា បានសម្ដែងនូវមនោសញ្ចេតនាសោមនស្សរីករាយយ៉ាងក្រៃលែង និងបានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីនគរបាលជាតិនៅទូទាំងប្រទេស ដោយសេចក្ដីនឹករឭក ស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ។ ជាមួយគ្នានោះ លោកសន្តិបណ្ឌិត ក៏បានសម្តែងការដឹងគុណយ៉ាងធំធេង និងឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធ បុព្វបុរស នៃកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុសន្តិសុខជាតិ។ ជាមួយគ្នានោះដែរ លោកសន្តិបណ្ឌិត ក៏បានជូនពរដល់មន្ត្រីនគរបាលជាតិទាំងអស់ ដែលកំពុងសម្រាកព្យាបាលរបួស ជំងឺនៅមន្ទីរពេទ្យ ឬនៅគេហដ្ឋាន សូមឱ្យបានឆាប់ជាសះស្បើយ វិលមកជួបជុំគ្រួសារ ញាតិមិត្ត និងសហការី ដើម្បីបំពេញការងារនៅអង្គភាពបម្រើសង្គមជាតិជាបន្តទៀត។

លោកសន្តិបណ្ឌិត បានបន្តទៀតថា ប៉ុន្មានឆ្នាំកន្លងមកនេះ កងកម្លាំងនគរបាលជាតិ បានដើរតួនាទីជាស្នូលយ៉ាងសំខាន់ ក្នុងការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងគ្រប់វេទិកាជាតិ អន្តរជាតិ ដែលរៀបចំដោយប្រទេសកម្ពុជា ដោយប្រព្រឹត្តទៅទទួលបានលទ្ធផលល្អ និងសុវត្ថិភាព។ លោកសន្តិបណ្ឌិត បានបន្តថា ទោះជាមានស្ថានភាពជំងឺកូវីដ-១៩ បានរាតត្បាលជាសកលក៏ពិតមែន ក៏សមាគមមិត្តនគរបាលជាតិកម្ពុជា នៅតែបន្តខិតខំអនុវត្តភារកិច្ចទៅតាមផែនការសកម្មភាពរបស់ខ្លួន ដោយសម្រេចបានលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់។ សកម្មភាពទាំងនេះគឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃសមាគមមិត្តនគរបាលជាតិកម្ពុជា ពិសេសការបង្ហាញនូវការពង្រឹងមិត្តភាព ចំណងសាមគ្គីភាព និងការជួយសម្រួលការលំបាកខ្វះខាតក្នុងពេលមន្ត្រីនគរបាលជាតិជួបនូវទុក្ខលំបាក និងករណីប្រធានស័ក្តិផ្សេងៗជាដើម។ កត្តាទាំងនេះបានជួលសម្រាលបន្ទុក និង លើកកម្ពស់ស្មារតីរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើឱ្យបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ 

លោកសន្តិបណ្ឌិត បានបញ្ជាក់ថា សកម្មភាពការងាររបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលទទួលបានលទ្ធផលល្អប្រសើរ គឺអាស្រ័យដោយគណៈកម្មាធិការកណ្តាល បានខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវក្នុងការដឹកនាំសមាគម និង ដោយមានការរួមសហការយ៉ាងសកម្មពីគ្រប់គណៈកម្មាធិការមូលដ្ឋាននៅតាមនាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទូទាំងប្រទេស ជាពិសេសការមានជំនឿយ៉ាងមុតមាំរបស់មន្ត្រីនគរបាលជាតិទាំងអស់មកលើការដឹកនាំសមាគម ដោយបានយល់ដឹងអំពីសារៈសំខាន់ និងសារប្រយោជន៍ នៃការបង្កើតសមាគម ក៏ដូចជាសកម្មភាពការងាររបស់សមាគម ដែលពិតជាបានជួយពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងពេលមន្ត្រីនគរបាលជាតិជួបទុក្ខធុរៈ។

លោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសមាគមនគរបាលជាតិកម្ពុជា បានធ្វើសេចក្តីរាយការណ៍ ស្តីពីលទ្ធផលការងាររបស់គណៈកម្មាធិការកណ្តាល នៃសមាគមមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤ (គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣) គោរពជូនអង្គសន្និបាតដោយសង្ខេបថា សមាគមមិត្តនគរបាលជាតិកម្ពុជា បានចាប់បដិសន្ធិឡើងដោយគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងការចូលរួមរបស់មន្ត្រីនគរបាលជាតិទូទាំងប្រទេស ដែលជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាពក្នុងកងកម្លាំងនគរបាលជាតិ ជាពិសេសការជួយឧបត្ថម្ភគា្នទៅវិញទៅមកនៅពេលមិត្តរួមវិជ្ជាជីវៈជួបប្រទះនូវទុក្ខធុរៈដូចជា ពលី មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ និងករណីជួបប្រធានស័ក្ដិជាដើម។ សកម្មភាពទាំងនេះបានបង្ហាញឱ្យឃើញនូវស្មារតី មនុស្សធម៌ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការជួយសម្រួលដល់ការលំបាកខ្វះខាតក្នុងជីវភាពរបស់មន្ត្រី នគរបាលជាតិ ក៏ដូចជាក្រុមគ្រួសារផងដែរ។ 

លើសពីនេះទៀត លោកឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ សមាគមមិត្តនគរបាលជាតិកម្ពុជា មានសមាជិកចំនួន ៧៨.០៦៩នាក់ ក្នុងនោះមាន៖ សមាជិកសមាគមជាមន្ត្រីនគរបាល ចំនួន ៦.១៨៩៧នាក់ សមាជិកជាមន្ត្រីនគរបាល ដែលបានចូលនិវត្តន៍ចំនួន ១៦.១៧០នាក់ និងមន្ត្រីនគរបាលពិការដែលស្ម័គ្រចិត្តនៅបន្តជាសមាជិកភាពរបស់សមាគម ចំនួន០២នាក់។ ដោយឡែក សមាជិកជា ភរិយា ឬ ស្វាមី របស់សមាជិកដែលបានពលី មរណៈ ពិការ បាត់បង់សមត្ថភាពការងារ និងករណីជួបប្រធានស័ក្ដិ និងករណីផ្សេងៗ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ មានចំនួន ៤.៣៨៧នាក់ ក្នុងនោះមាន ៖ សមាជិក ពលី និងមរណៈ ចំនួន ៣.៣៧៨នាក់, សមាជិកដែលបាត់បង់សមត្ថភាពការងារ ចំនួន ១៣នាក់, សមាជិកពិការ ចំនួន ១២៧នាក់, ភរិយា ស្វាមីរបស់សមាជិកដែលមរណៈ ចំនួន ៨៤៣នាក់, សមាជិកដែលជួបករណីប្រធានស័ក្តិ ចំនួន ០៩នាក់, សមាជិកដែលជួបករណីគ្រោះថ្នាក់ពេលប្រតិបត្តិការ ចំនួន១៧នាក់៕

ដោយ ៖ សហការី​


ចែករំលែក៖