ខេត្តពោធិ៍សាត់ ៖ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃ អង្គារ ២កើត ខែកគ្គិក ឆ្នាំថោះ ចត្វាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោក ឧត្ដមសេនីយ៍ត្រី ម៉ូលីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ ទទួលបទបញ្ជាលោក ឧត្ដមសេនីយ៍ទោ ស ថេង ស្នងការដ្ឋាននគរបាពោធិ៍សាត់ បានដឹកនាំ និងបញ្ជាផ្ទាល់មន្ត្រីជំនាញព្រហ្មទណ្ឌនៃស្នងការ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកវាលវែង និងស្រុកបាកាន ពួនស្ទាក់និងបង្រ្កាបករណីចោរលួចសត្វគោដឹកតាមរថយន្ត លទ្ធផលៈ ឃាត់ខ្លួនជនសង្ស័យចោរលួចសត្វគោ២នាក់ រួមទាំងវត្ថុតាងរថយន្ត និងសត្វគោចំនួន០៤ក្បាល ខណៈចំនួន០៤ក្បាលទៀតហក់ចេញពីរថយន្តអស់ ។
លោក ឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌដែលបានដឹកនាំកម្លាំង និងបញ្ជាផ្ទាល់ បានឲ្យដឹងនាល្ងាចថ្ងៃដដែលនេះថា ជនសង្ស័យទាំងចំនួន២នាក់ រួមទាំងវត្ថុតាង បង្រ្កាបបានស្ថិតនៅ ភូមិថ្នល់បត់ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ជនសង្ស័យទី១. ឈ្មោះ ឈឿន ម៉ាប់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិដងទង់ ឃុំដងទង់ថ្មី ស្រុកឈូក ខេត្តកំពត(ម្ចាស់រថយន្ត)និងទី២. ឈ្មោះ ស៊ន ម៉ៅ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិបែកចាន សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ(កម្មករ)ចំណែកឯវត្ថុតាង រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ដ 0327 ភព 3 និងសត្វគោចំនួន០៤ក្បាល បច្ចុប្បន្ន ជនសង្ស័យកំពុងបន្តនីតិវិធី ចំណែកសត្វគោចំនួន០៤ក្បាលនោះ បានប្រគល់ទទួលជូនម្ចាស់វិញ ។
លោក ស្នងការរងឲ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាព(លួចគោ)នៅចំណុចអូរពងមាន់ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង បានចំនួន០៤ក្បាល ប៉ុន្តែពេលដឹកឡើងលើរថយន្ត(គោ)បានហក់ចេញអស់ចំនួន០៣ក្បាលនៅសល់ចំនួន០១ក្បាល ជនសង្ស័យបានបន្តធ្វើសកម្មភាពស្ថិតនៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែងដដែលបានចំនួន០៣ក្បាលទៀត សរុបចំនួន០៤ក្បាល ។ ហើយម្ចាស់គោទី១.ឈ្មោះ ទឹម សុខា ភេទស្រី អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយស្រុកវាលវែង ខេត្តពោធិ៍សាត់(ចំនួន០៣ក្បាល)និងទី២.ឈ្មោះ ខឹម សុខា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់(គោចំនួន០១ក្បាល)៕
ដោយ៖ ប៉ឹម ពិន