ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងកំពង់ផែ Pauktaw ក្លាយជាសមរភូមិប្រយុទ្ធដណ្តើមគ្រប់គ្រងរវាងកម្លាំងទាហានមីយ៉ាន់ម៉ានឹងក្រុមឧទ្ទាម

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមចលនាតស៊ូប្រដាប់អាវុធបាននិយាយនៅថ្ងៃសុក្រនេះថា យោធានៃរបបសឹកមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាសនិងសមុទ្រដើម្បីដណ្តើមទីក្រុងកំពង់ផែនៅឈូងសមុទ្រ Bengal ខណៈដែលកំពុងប្រឈមមុខនឹងការវាយលុកដ៏ខ្លាំងក្លាបំផុតពីគូសត្រូវរបស់ពួកគេ មិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំ។
ដោយសំដៅទៅលើការប្រយុទ្ធគ្នានៅរដ្ឋ Rakhine ភាគខាងលិចមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចលនាតស៊ូប្រដាប់អាវុធ៣ក្រុមបានអះអាងតាមរយៈលើបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា «យោធាបានវាយប្រហារលើក្រុង Pauktaw ដោយប្រើឧទ្ធម្ភាគចក្រ និងបាញ់កាំភ្លើងធំចេញពីនាវាកងទ័ពជើងទឹក បន្ទាប់ពីចលនាតស៊ូប្រដាប់អាវុធដណ្តើមបានប៉ុស្តិ៍ប៉ូលិសក្រុង នៅពេលព្រឹក។ នៅពេលល្ងាច ទាហានរដ្ឋាភិបាលបានចូលមកក្នុងក្រុង ហើយបានបាញ់សម្លាប់ជនស៊ីវិល»។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ាបានដកស្រង់សម្តីរបស់អ្នកស្រុក Pauktaw ដែលបានឱ្យដឹងថា សមាជិកនៃក្រុម Arakan Army (AA) បានចូលកាន់កាប់ក្រុងនេះ។ អ្នកស្រុកទាំងអស់កំពុងនាំគ្នារត់ចេញ ហើយហាងទាំងអស់ត្រូវបិទទ្វារ។
ទីក្រុង Pauktaw ស្ថិតនៅចម្ងាយប្រហែល ៥០០គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុងដ៏សំខាន់របស់មីយ៉ាន់ម៉ាគឺ Yangon។
ការវាយប្រហារដែលក្រុមចលនាតស៊ូប្រដាប់អាវុធហៅថា «ប្រតិបត្តិការ ១០២៧» គឺជាការវាយប្រហារដ៏ធំបំផុតចំពោះរបបសឹកមីយ៉ាន់ម៉ា ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាច្រើនឆ្នាំ។ ទោះជាយ៉ាងនេះក្តី Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះដោយឯករាជ្យបានទេ ហើយអ្នកនាំពាក្យយោធានៃរបបសឹកមិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖