ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនជាតិប៉ាគីស្ថាន និងឥណ្ឌា២នាក់ ពាក់ព័ន្ធករណីប្លន់ជាជនជាតិដូចគ្នា។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា ករណីប្លន់ជនបរទេសខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ហើយព្យាយាមរត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញ បានទទួលព័ត៌មានហេីយភ្លាមៗនោះលោក បានបញ្ជាឱ្យកម្លាំងចម្រុះចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាទាន់ពេលវេលា លុះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក៏ឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបន្តថា ជនសង្ស័យទាំងពីរនេះទី១,ឈ្មោះ TAL WINDER អាយុ ៣៤ឆ្នាំ ជាតិឥណ្ឌា និងទី២, ឈ្មោះ AM JAD អាយុ ៣៨ឆ្នាំ ជនជាតិប៉ាគីស្ថាន។
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញខេត្ត ឃាត់ខ្លួនបណ្ដោះអាសន្ន និងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ស តារា