ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូលឿនទៅបុករថយន្តចតនៅចិញ្ចើមផ្លូវពីក្រោយបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលបើកម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកពីក្រោយបណ្តាលឱ្យដួលបោកក្បាលនៅនឹងផ្លូវ។

     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ ឈុន នី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិច្រកព្រាល ឃុំភក្កី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

    ប្រភពព័ត៌មានពីបុរសម្នាក់បានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញបុរសរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌សខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-0575 តាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកើតហេតុបាន បុកពីក្រោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកដែលចតនៅលើចិញ្ចើមផ្លូវបណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង។ ក្រោយមកក៏មានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើកំណត់ហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដ្ឋានខណ្ឌកំបូល ។

ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕ 

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖