ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គិតទៅដល់ថ្ងៃស្អែក មានរយៈពេល ៩០ថ្ងៃគត់ នៃការចូលកាន់តំណែងរបស់សម្ដេច ធ្វើ​ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក្នុងរយៈពេល៩០ថ្ងៃនេះ សម្ដេចធិបតី បានជួបសំណេះសំណាលជាមួយកម្មករ-កម្មការនីចំនួន ១០លើក ដែលមានប្រមាណជិត ២០ម៉ឺននាក់ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដែលជាវេទិកាចុងក្រោយ សម្រាប់ឆ្នាំ២០២៣នេះ។ 

*សម្ដេចធិបតី ថ្លែង​ស្នើឱ្យចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញ ចំពោះបុគ្គលណា ដែលទទួលបានចំណេះដឹងពីជីដូនជីតា ម្ដាយឪពុក និងបានប្រកបរបរចិញ្ចឹមជីវិត ដែលសហគមន៍ទទួលស្គាល់ថា មានស្នាដៃល្អ ដើម្បីទុកសម្រាប់បន្តអាជីវកម្ម ឬ ចេញទៅប្រកបការងារនៅក្រៅប្រទេស។

*សម្តេចធិបតី ថ្លែងថា កម្ពុជាបានតស៊ូតាំងពីបាតដៃទទេ ទើបបានធ្វើឲ្យប្រទេសមានការអភិវឌ្ឍបានប៉ុណ្ណេះ តែទោះជាយ៉ាងណា មហិច្ឆតា​របស់យើងមិនទាន់បញ្ចប់ត្រឹមនេះទេ នឹងខិតខំធ្វើដោយឥតឈប់ឈរបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។

*សម្ដេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបន្តរក្សាថែនូវសមិទ្ធផលវិជ្ជមានទាំងអស់ ដែលរដ្ឋាភិបាលអាណត្តិមុនៗ បានធ្វើ បានកសាងដោយលំបាក, បន្តថែរក្សា សុខសន្តិភាពដែលរកបានដោយកម្រ កុំឱ្យបាត់បង់ទៅវិញ, បន្តរក្សាថែការងារសម្រាប់ពលរដ្ឋ និង កសាងពង្រីកនូវសមិទ្ធផលវិជ្ជមានថ្មីៗឱ្យបានកាន់តែច្រើនថែមទៀត។

*សម្ដេចធិបតី ផ្ដល់អនុសាសន៍ឱ្យផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យស្របនឹងតម្រូវការនៅតាមមូលដ្ឋាន ឧទាហរណ៍បើសហគមន៍មានប្រើឡានច្រើន គួរផ្ដល់ជំនាញពាក់ព័ន្ធនឹងការជួសជុលរថយន្ត។

*សម្តេចធិបតី ថ្លែងថា អ្នកដែលរិះគន់រាជរដ្ឋាភិបាលថា ក្នុងរយៈពេល ៩០ ថ្ងៃ រដ្ឋាភិបាលមិនបានធ្វើសមិទ្ធផលអ្វីសោះនោះ គឺជាបុគ្គលកំពុងដេកលក់។

*សម្ដេចធិបតី ថ្លែង​ផ្ដល់អនុសាសន៍ឱ្យផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដោយពង្រឹងលើការអនុវត្ត ឱ្យបានច្រើនជាងការ រៀនទ្រឹស្ដីនៅក្នុងថ្នាក់។

*សម្តេចធិបតី​ ថ្លែងថា សម្ដេចសង្កេតឃើញបុគ្គ​ល​មួយចំនួន អង្គុយតែក្នុងបន្ទប់ និងអានសៀវភៅ ហើយចេះគ្រប់គោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញ។ 

*សម្ដេចធិបតី​ ថ្លែងថា «ខ្ញុំឃើញអ្នកខ្លះ អង្គុយតែនៅក្នុងបន្ទប់មួយហ្នឹង ហើយអានសៀវភៅ ហើយចេញមកធ្វើជាអ្នក Expert (អ្នកជំនាញ) ជាអ្នកជំនាញខាងគ្រប់គ្រងរដ្ឋបាល គោលនយោបាយអី ក៏គេចេះដែរ រដ្ឋាភិបាល ដាក់គោលនយោបាយស្អីចេញ ក៏អត់ល្អដែរ គេចេះ គេពូកែជាងហ្នឹងរហូត»។

*សម្ដេចធិបតី ថ្លែងឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត ដោយអ្វីដែលរាជរដ្ឋាភិបាលគិតគូរ គឺមិនមែនជាអ្វីដែលសម្ដេចប្រកាសនោះទេ តែជាអ្វីដែលនឹងត្រូវបង្ហាញប្រជាពលរដ្ឋក្នុងរយៈពេល ២ឆ្នាំ ឬ ៣ឆ្នាំខាងមុខ។

*សម្ដេចធិបតី​ ថ្លែង​បន្ថែមថា​ «សូមឱ្យបងប្អូនជឿទុកចិត្តចុះ អ្វីដែលរដ្ឋាភិបាលគិតគូរ មិនមែនអ្វីដែលខ្ញុំប្រកាសទេ គឺអ្វីដែលយើងនឹងត្រូវបង្ហាញប្រជាពលរដ្ឋ ហើយក្នុង ២ឆ្នាំ ឬ ៣ឆ្នាំទៀត នឹងមានសមត្ថភាពអាចបញ្ជាក់នូវផលជាក់ស្ដែង»។

*សម្ដេចធិបតី ថ្លែងថា ផែនទីឆ្នាំ១៩៣០ បានបង្ហាញឱ្យឃើញថា មានកោះនរា ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំកម្លាំងទឹកបានបុកលើកោះនរា និងធ្វើឱ្យបាត់រូបរាងកោះទាំងស្រុងនៅឆ្នាំ២០០៥។ ប៉ុន្មានឆ្នាំក្រោយមក កោះនរាបានលេចរូបរាងឡើងវិញ និងបានក្លាយជាទីក្រុងអភិវឌ្ឍន៍មួយ ប្រកបដោយភាពទាក់ទាញនៅភ្នំពេញ។

*សម្តេចធិបតី ថ្លែងថា​ ក្នុងរយៈពេល៣ខែក្រោយសម្តេច កាន់តំណែង ជានាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ មានមនុស្សមួយក្តាប់តូចអង្គុយ និងដេកចាំរិះគន់សម្តេចគ្រប់ពេលវេលា ដោយពួកទាំងនោះ បានលើកឡើងថា ក្នុងរយៈ៩០ថ្ងៃនេះ គឺពុំបានធ្វើអ្វីចេញជាលទ្ធផលទាល់តែសោះ។

*សម្ដេចធិបតី ថ្លែង​ថា​ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព សូមបងប្អូនពលរដ្ឋទាំងអស់ ចាប់យកឱកាសការងារ ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរថែមទៀត។

*សម្តេចធិបតី ប្រកាស​ណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវប្រើប្រាស់យន្តការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិតឱ្យបានលឿន មិនត្រូវទុកបញ្ហាចោលនោះទេ និងទុកបញ្ហាឱ្យទៅដល់តុលាការនោះទេ។ បើយន្តការអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបានត្រូវបើប្រាស់យន្តការក្រសួង ស្ថាប័នបន្ថែមទៀត។

*សម្ដេចធិបតី ថ្លែងថា​ ការបោះឆ្នោតឆ្នាំ២០២៣ មានអ្នកទៅបោះឆ្នោតជាងប្រាំ បីលាននាក់ ដែលមានចំនួនសរុបជាង ៨៥ ភាគរយ ក្នុងនោះមានជាង ៩០ ភាគរយនៃអ្នកបោះឆ្នោត បានបោះឆ្នោតត្រឹមត្រូវ និងមិនធ្វើឱ្យខូចសន្លឹកឆ្នោត ដូចការអំពាវនាវរបស់ក្រុមប្រឆាំង។

*សម្តេចធិបតី ថ្លែងថា នៅសល់ ៥ ថ្ងៃទៀតនឹងឈានដល់ថ្ងៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលឆ្នាំនេះនឹងមានរៀបចំពិធីប្រគំតន្រ្ដី និងកម្មវិធីជាច្រើនទៀតសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត។

*សម្តេចធិបតី ថ្លែង​ណែនាំដល់អាជ្ញាធរត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវសន្ដិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋ ទេសចរជាតិ អន្តរជាតិឱ្យបានល្អ នាឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ៕

ដោយ៖ ស​ តារា


ចែករំលែក៖