ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគម ជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូជំរុញការវិនិយោគ ដែលបានអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាថ្មី ម្តងទៀត និងបានវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជា (JCA) ដែលនាពេលកន្លងមក តែងតែបានខិតខំ ជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជំរុញការវិនិយោគ នៅកម្ពុជា ដោយតែងតែបាននាំតំណាងធុរកិច្ចជប៉ុនមកធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគបន្ថែម ទៀត។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានជួយ គាំទ្រដល់កម្ពុជាចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការជំរុញការវិនិយោគមកកម្ពុជា ដែលបានរួមចំណែកដ៏ សំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម នៅកម្ពុជាឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

លោក តាកាហាស៊ី ហ្វូមីអាគី បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែល បានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមនាឱកាស នេះ និងបានថ្លែងអំណរគុណចំពោះ សម្តេចតេជោ និង សម្តេចធិបតី ដែលបានគាំទ្រដល់កម្មវិធីបាញ់ កាំជ្រួចអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលកម្មវិធីនេះបានបង្ហាញនូវផ្ទាំងទស្ស នីយភាពដ៏ជក់ចិត្ត និងមានប្រជាជនកម្ពុជាយ៉ាងច្រើនកុះករបានអញ្ជើញទៅទស្សនាកម្មវិធីបាញ់កាំជ្រួចនេះ ហើយ លោកបានគោរពស្នើសុំរៀបចំកម្មវិធីបាញ់កាំជ្រួចនេះជាប្រចាំឆ្នាំ ឬតាមលទ្ធភាពជាក់ស្តែងដែលអាចរៀបចំទៅ បាន។ បន្ថែមពីនេះ លោក តាកាហាស៊ី ហ្វូមីអាគី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា JICA កំពុង កៀរគរ និងជំរុញវិនិយោគិនសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុន ដែលមានជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា ទំនើបមកវិនិយោគបន្ថែមនៅកម្ពុជា តាមរយៈការរៀបចំជាថ្នាល (Platform) ដើម្បីជំរុញការវិនិយោគបន្ថែម ដោយ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ជប៉ុន។ លោកបានបន្ថែមថា JCA គ្រោងនឹងបើកការិយាល័យ របស់ខ្លួននៅរាជធានីភ្នំពេញ ដើម្បីធ្វើជាមជ្ឈមណ្ឌលកណ្តាល ក្នុងការសម្របសម្រួលនិងផ្តល់ភាពងាយស្រួលដល់ ការប្រាស្រ័យទាក់ទងរវាង SMEs ជប៉ុននិងដៃគូវិនិយោគនៅកម្ពុជា និងបើកដំណើរការសមាគមមិត្តភាពកម្ពុជា- ជប៉ុន នៅឆ្នាំ២០២៤ នេះផងដែរ។ ក្នុងជំនួបនោះដែរ លោក តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូក៏បានគោរព ជម្រាបជូន សម្តេចធិបតី អំពីការចាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ដូចជា វិស័យ អចលនទ្រព្យ វិស័យកសិកម្ម ការកសាងផ្លូវបេតុងដោយប្រើបច្ចេកវិទ្យាខ្ពស់ ការកសាងស្រះទឹកដោយប្រើថង់កៅស៊ូ ការបើកសាលាបណ្តុះបណ្តាលជំនាញជួសជុលយានយន្ត សាលាបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាក (ការថែទាំ មនុស្សចាស់) សាលាបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មាន និងកិច្ចសហការលើការដោះមីន។

ជាការឆ្លើយតប សម្តេចធិបតី បានកោតសរសើរ និងអរគុណចំពោះការរៀបចំកម្មវិធីបាញ់កាំជ្រួចអបអរ សាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ និងបានស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមរបស់JCA ក្នុងការរៀបចំកម្មវិធីបាញ់កាំជ្រួចនេះ ជាប្រចាំឆ្នាំ ឬ២ឆ្នាំម្ដង ឬ៥ ឆ្នាំម្ដង តាមលទ្ធភាពជាក់ស្ដែង។ សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះ SMEs ជប៉ុនដែលចាប់អារម្មណ៍ និង គ្រោងមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយ សម្តេចធិបតី បានគូសបញ្ជាក់ថាការវិនិយោគរបស់ SMEs គឺជាគោលដៅចម្បងរបស់កម្ពុជា ស្របទៅនឹងទិសដៅ និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុ ជាផងដែរ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី បានស្វាគមន៍ចំពោះគម្រោងបើកការិយាល័យរបស់ JCA នៅកម្ពុជា និងអរគុណចំពោះចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យកសិកម្ម ការកសាងផ្លូវបេតុង ដោយប្រើបច្ចេកវិទ្យាខ្ពស់ ការកសាងស្រះទឹកដោយប្រើថង់កៅស៊ូ ការបើកសាលាបណ្តុះបណ្តាលជំនាញជួសជុល យានយន្ត សាលាបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាក (ការថែទាំមនុស្សចាស់) សាលាបណ្តុះបណ្តាលជំនាញបច្ចេក វិទ្យាព័ត៌មាន និងកិច្ចសហការលើការដោះមីន ដោយលើកទឹកចិត្តឱ្យJCA និងគណៈប្រតិភូជំរុញការវិនិយោគជប៉ុន បន្តកិច្ចសហការបន្ថែមទៀត ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។

មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់អំពីការគាំទ្រ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាស្ថិរភាពនិងភាពប្រាកដនិយមនៃបរិយាកាសវិយោគនៅកម្ពុជា ព្រមទាំងបានជម្រាបជូនពីច្បាប់ស្តីពីការ វិនិយោគថ្មី ដែលបង្កលក្ខណៈក្នុងការលើកទឹកចិត្តផ្សេងៗ ដល់ការវិនិយោគនៅកម្ពុជា និងការដាក់ចេញនូវគោលនយោបាយក្នុងការធានាការប្រកួតប្រជែងដោយស្មើភាព និងការកាត់បន្ថយថ្លៃដើមផលិតជាដើម។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោក តាកាហាស៊ី ហ្វូមីអាគី និងគណៈប្រតិភូឱ្យទទួលបាន ជោគជ័យក្នុងការបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងសូមឱ្យធ្វើដំណើរមាតុភូមិនិវត្តន៍ទៅកាន់មាតុ ប្រទេសវិញប្រកបដោយសុខសុវត្ថិភាព ៕

ដោយ ៖ សុខ ខេមរា 


ចែករំលែក៖