ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រយៈពេល៣ខែដំបូង នៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាល មិនបានសម្រាកនោះទេ ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅ អាណត្តិទី៧នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារប្រកបដោយគុណភាព សុខុមាលភាព ឱ្យបានកាន់តែច្រើនដល់ពលរដ្ឋ ផលដែលទទួលបានទាំងអស់ ត្រូវចែករំលែកទៅគ្រប់ទីកន្លែង បង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ បន្តនិរន្តរភាព និងចីរភាព ជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ ការកសាងផ្លូវនៅពេលនេះ ក៏ជាយុទ្ធសាស្រ្តមួយអភិវឌ្ឍជាតិប្រកបដោយសមធម៌ ដែលការរីកចម្រើនមិនមែនផ្តោតទៅលើតែនៅទីក្រុងនោះទេ ពោលគឺត្រូវបានទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលបានធ្វើការទាក់ទាញវិនិយោគមកកម្ពុជា តាមរយៈក្រុមហ៊ុន វិនិយោគនានា គឺដើម្បី បង្កើន ដង្ហើម សេដ្ឋកិច្ចនៅកម្ពុជា ដើម្បីផលប្រយោជន៍រួម របស់ប្រជាជន និងប្រទេសជាតិទាំងមូល ហើយអ្នកដែលថា រាជរដ្ឋាភិបាលគិតតែដេកមិន បាន ធ្វើអ្វីទាល់តែសោះ ក្នុងរយៈពេលបីខែនេះ គឺជាការលើកឡើងទាំងបិទភ្នែក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅកាន់ក្រុមអ្នករិះគន់ទាំងនោះថា ៖ «ខ្ញុំសូមបញ្ជាក់ថា ៣ខែមកនេះ យើងបានដើរទាក់ទាញនៅក្នុងគម្រោងកម្ចីមួយផ្នែក ប៉ុន្តែក្រៅពីនោះយើងបាន ទាក់ទាញ ការវិនិយោគបរទេស លើកស្ទួយនៅក្នុងការវិនិយោគក្នុងស្រុក ដើម្បីប្រើប្រាស់ នៅក្នុង ធនធានវិស័យឯកជន ហើយរដ្ឋាភិបាល មិនចាំបាច់ខ្ចីទេ ការវិនិយោគហេដ្ឋា រចនា សម្ព័ន្ធជាច្រើន គឺប្រើប្រាស់ ធនធានឯកជនតាមរយៈ BOTផ្សេងៗ ជាក់ស្តែងដូចខ្ញុំបាន សម្ពោធ ព្រលានយន្ដហោះ នៅ ខេត្តសៀមរាប កាលពីលន្លងទៅ គឺអស់ជាង១ពាន់លានដុល្លារ ហើយលុយនេះគឺជាថវិកាBOT»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹង បន្តជំរុញវិនិយោគគម្រោងធំៗ ទាំងរូបភាពBOT ទាំងប្រើប្រាស់ធនធានវិនិយោគរបស់វិស័យឯកជន ទាំង ឥណទាននានា ដើម្បីយកមកពង្រីក ហេដ្ឋា រចនា សម្ពន្ធ តភ្ជាប់ សរសៃឈាមរបស់កម្ពុជា ហើយ សរសៃឈាមនេះ នឹងទៅ ចិញ្ចឹម ប្រជាពលរដ្ឋឲ្យកាន់តែមានជីវភាពល្អប្រសើរបន្ថែមទៀតនូវទូទាំង ប្រទេស ៕
ដោយ ៖ សិលា