រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រកាសថា បណ្តាប្រទេសលោកខាងលិចចាំបាច់ត្រូវតែបោះបង់គោលនយោបាយដាក់ទណ្ឌកម្មទាំងឡាយដើម្បីទទួលបានការអនុញ្ញាតឱ្យចូលជាមួយក្រុមប្រទេស BRICS។
នៅពេលនេះដែរ ប្រទេសប៉ាគីស្ថានបានដាក់ពាក្យចូលរួមជាមួយ BRICS ក្នុងឆ្នាំ 2024។ ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅរុស្ស៊ីបាននិយាយថា ប៉ាគីស្ថានបានដាក់ពាក្យចូលរួមជាមួយក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឈានមុខគេលើពិភពលោក (BRICS) នៅឆ្នាំ២០២៤។
ចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មាន Tass ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅប្រទេសរុស្ស៊ី លោក Muhammad Khalid Jamali បានបញ្ជាក់ថា ប៉ាគីស្ថានសង្ឃឹមថានឹងក្លាយជាសមាជិកនៃ BRICS នៅឆ្នាំ 2024 នៅពេលដែលរុស្ស៊ីកាន់តំណែងជាប្រធានប្តូរវេននៃក្រុមនេះ។
លោក Jamali បាននិយាយថា “ប៉ាគីស្ថានមានបំណងចង់ក្លាយជាផ្នែកមួយនៃអង្គការដ៏សំខាន់នេះ ហើយយើងកំពុងស្ថិតនៅក្នុងដំណើរការនៃការឈានដល់ប្រទេសសមាជិកជាទូទៅ និងប្រទេសរុស្ស៊ី ជាពិសេសដើម្បីគាំទ្រដល់សមាជិកភាពរបស់ប៉ាគីស្ថាន” ។
ក្រុម BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2010 ហើយរួមមានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ នៅក្នុងកិច្ចប្រជុំកំពូលនៅអាហ្រ្វិកខាងត្បូងក្នុងខែតុលា BRICS បានសម្រេចចិត្តអញ្ជើញប្រទេសចំនួន 6 បន្ថែមទៀតឱ្យចូលរួមក្នុងក្រុមនេះ រួមមាន អារ៉ាប៊ីសាអូ៊ឌីត អុីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន និងអេមីរ៉ាតអារ៉ាប់រួម (UAE)។ បេក្ខជនថ្មីនឹងត្រូវចូលជាសមាជិកនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2024។
BRICS បច្ចុប្បន្នមានប្រហែល 41% នៃចំនួនប្រជាជនពិភពលោក ប្រហែល 24% នៃផលិតផលក្នុងស្រុកសរុបពិភពលោក និងប្រហែល 16% នៃពាណិជ្ជកម្មពិភពលោក៕ ដោយ៖ ធីរីណា
រូបថត៖ Vietnamnet.vn