ព័ត៌មានទាន់ហេតុការណ៍៖

លោក ឡេង ប៉េងឡុង ប្រកាសថាត្រឹមព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា មានបេក្ខជនចំនួនជិត២០រូប បានដាក់ពាក្យឈរឈ្មោះជាសមាជិក គ.ជ.ប

ចែករំលែក៖

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា មកដល់ត្រឹមព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានបេក្ខជនចំនួនជិត២០រូប បានដាក់ពាក្យឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខណៈដែលការទទួលពាក្យបេក្ខជនឈរឈ្មោះនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ១៧:៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា នេះ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានថ្លែងថា ៖ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែវច្ឆិកា នេះ មានបេក្ខជនដាក់ពាក្យឈរឈ្មោះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានចំនួនជិត២០រូបហើយ ប៉ុន្តែអ្នកខ្លះដាក់ឯកសារមិនគ្រប់។ ហើយនៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ដែលជាថ្ងៃឈប់ទទួលពាក្យទើបអាចដឹងចំនួនបេក្ខជនចំនួនប៉ុន្មានពិតប្រាកដ។ បន្ទាប់ពីបិទបញ្ចប់ការទទួលពាក្យ គឺគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យមើលបេក្ខជនដែលពាក្យឈរឈ្មោះ។ ហើយត្រូវសួរយោបល់គណបក្សទាំងក្នុងរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ទើបបានកំណត់បេក្ខជន។

លោកបានបញ្ជាក់ថា ការរើសនេះគឺរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង៩រូប គឺ៤រូប គណបក្សក្នុងរដ្ឋាភិបាល និង៤រូបទៀតគណបក្សមិនមែនរដ្ឋាភិបាល និង ១រូបទៀត គឺគណបក្សទាំងពីរឯកភាពគ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖