ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសមាគមក្រុមប្រឹក្សាជាតិ រាជធានី-ខេត្ដ ស្នើឱ្យសមាជិកទាំងអស់យកចំណេះដឹងដែលទទួលបានប្រើឱ្យចំគោលដៅ

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានសមាគមក្រុមប្រឹក្សាជាតិ រាជធានី-ខេត្ដ ស្នើឱ្យសមាជិកទាំងអស់យកចំណេះដឹងដែលទទួលបានប្រើឱ្យចំគោលដៅ ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញញ និងជាប្រធានសមាគមក្រុមប្រឹក្សាជាតិរាជធានី-ខេត្តបានស្នើបែបនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋ បាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃព្រហស្បតិ៍១១កើត ខែកតិ្ដក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។ 

លោក ម៉ប់ សារិន បានបញ្ជាក់ថា៖ លទ្ធផលនៃវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំធ្វើឡើងកម្រងទី១សម្រាប់សមាជិក-សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិក-សមាជិកាខេត្តកោះកុងដែលបានដំណើរការអស់រយៈពេល ១ថ្ងៃកន្លះ នៅរាជធានីភ្នំពេញ បានដល់ពេលបញ្ចប់ ប្រកបដោយលទ្ធផលជាវិជ្ជមានតាមរបៀបវារៈដែលបានគ្រោងទុក។ 

លោក ម៉ប់ សារិន បានបញ្ជាក់ថា៖ ទោះបីការបណ្តុះបណ្តាលនេះមានរយៈពេលខ្លី ប៉ុន្តែយើងទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ តាមរយៈការសម្របសម្រួលរបស់ក្រុមគ្រូឧទ្ទេស ពិសេសបានពិភាក្សាគ្នា ចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ល្អៗឱ្យគ្នាទៅវិញទៅមក លើការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សារាជធានី-ខេត្ត។ 

លោក ម៉ប់ សារិន បានស្នើឱ្យខិតខំស្វែងយល់បន្ថែមទៀតអំពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធ ដើម្បីបង្កើនចំណេះដឹង សមត្ថភាព ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

លោកបានបញ្ជាក់ថា៖  កម្រងទី១របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្តចែកចេញជាពីរវគ្គ វគ្គទីមួយ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានក្រុមប្រឹក្សា- រាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តកោះកុង និងវគ្គទីពីរ ខេត្តព្រះសីហនុ ត្រូវបានកំណត់យកជាទីកន្លែងសម្រាប់ការបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ និងខេត្តកំពត។ 

លោក ម៉ប់ សារិន បានអរគុណចំពោះគ្រូឧទ្ទេសដែលបានខិតខំព្យាយាមបញ្ចេញសមត្ថភាពក្នុងការចែករំលែក បទពិសោធន៍ ចំណេះដឹងរបស់ខ្លួនដល់សិក្ខាកាម។ 

ជាងនេះទៅទៀតក៏សូមអរគុណផងដែរ ចំពោះថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីនៃការិយាល័យលេខាធិការក្រុមប្រឹក្សា-រាជធានីភ្នំពេញដែលបានជួយរៀបចំ គាំទ្របច្ចេកទេស សម្របសម្រួលដល់វគ្គបណ្តុះបណ្តាលនេះដំណើរការទៅបានដោយរលូន។

ចំណុចសំខាន់ដែលបានលើកឡើងជាសំណូមពរ ក៏ដូចជាការពិភាក្សានៅ ក្នុងវគ្គបណ្តុះបណ្តាលនេះត្រូវបានកត់សម្គាល់ ព្រមទាំងទុកជាធាតុចូលសម្រាប់ថ្នាក់ដឹកនាំប្រជុំពិនិត្យ និងពិភាក្សា កែលម្អការងារឱ្យទទួលបានជោគជ័យទៅថ្ងៃអនាគត៕

ដោយ៖ សំរិត


ចែករំលែក៖