ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចប្រាប់ថា ដោយទទួលបានការអនុញ្ញាតពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡាយ ឆៃលី ភេទប្រុស អាយុ៤៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចម៉ូតូ ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ស្តារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំបញ្ជាឱ្យកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ខាត់ សុខម៉ែន ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ គ្មានផ្លាកលេខ ដែលជនសង្ស័យលួចរបស់ជនរងគ្រោះខាងលើ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើដែលទុកនៅមុខបន្ទប់ជួលពិតប្រាកដមែន។
ដោយផ្អែកលើបណ្ដឹង និងមានវត្ថុតាងជាក់ស្ដែង ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានប្រាប់ឱ្យដឹងថា ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយឡែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ជូនម្ចាស់ដើមវិញ៕
ដោយ ៖ វណ្ណា