ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ទឹកភ្នែក យុវជន អន ផានិត ដែលប្រឡងជាប់បាក់ឌុបឆ្នាំ២០២៣ ទទួលបាននិទ្ទេស A ! ធ្វើឱ្យឪពុកម្តាយ ពិការទាំងពីរនាក់ និងប្អូនស្រី ក៏យំ ត្រេកអរនឹងលទ្ធផលមួយនេះ !

ចែករំលែក៖

ខេត្តកំពត ៖ ទឹកភ្នែក យុវជន អន ផានិត បានហូរធ្លាក់ ជាមួយសម្លេងអួលដើម ក និយាយមិនចង់ចេញ ចេញតែទឹកភ្នែករហូរស្រក់  ។ ដោយឡែកឪពុកម្តាយ ប្អូនស្រីក៏យំ បន្ទាប់ពី ផានិត និយាយប្រាប់អ្នកសារព័ត៌មានថា, គ្រួសាររបស់ខ្ញុំ ពិតជាមានការខ្វះខាតខ្លាំង ដោយសារឪពុកក៏ពីការ ម្ដាយក៏ពីការ ជួនពេលខ្លះ ឬរាល់ថ្ងៃទៅហើយ ខ្ញុំគ្មានប្រាក់សូម្បីតែ ៥០០រៀល ដាក់តាមខ្លួន ពេលទៅសាលារៀន សុខចិត្ត ញ៉ាំបាយពីផ្ទះ ដែលឪពុកម្ដាយរៀបចំទុកដាក់។

យុវជន អន ផានិត បានបន្តថា , ទោះជាខ្ញុំជាកូនអ្នកក្រ ប៉ុន្តែមិត្តភ័ក្តិជាច្រើនក្នុងសាលាជាមួយគ្នា ពួកគាត់មិនបានរើសអើងចំពោះខ្ញុំឡើយ។ ការរាប់អាន ការរៀនជាមួយគ្នា មានលក្ខណៈធម្មតា ប៉ុន្តែភាគច្រើនគេពុំដឹងថា ខ្ញុំជាកូន ដែលស្ថិតក្នុងស្ថានភាពលំបាកក្នុងគ្រួសារឡើយ។

យុវជន អន ផានិត បានលើកឡើងទៀតថា , ក្នុងស្ថានភាពដ៏លំបាកនេះ ធ្វើឱ្យខ្ញុំកាន់តែប្រឹងសិក្សា ដើម្បីឲ្យឪពុកម្ដាយនិងប្អូនស្រីរបស់ខ្ញុំ៊ គាត់សប្បាយចិត្ត បានកូនខិតខំទាំងគាត់ពុំមានលទ្ធភាពជួយថវិកានោះ ។ ផានិត រៀបរាប់ថា , ពេលប្រលងរួច ថ្ងៃប្រកាសលទ្ធផល ខ្ញុំមិនហ៊ានទៅស្ដាប់ការផ្សាយលទ្ធផលនៅសាលាទេ។ ខ្ញុំក៏បានតាមដានតាមរយៈទូរសព្ទ ក៏ឃើញឈ្មោះរបស់ខ្ញុំជាប់ ទទួលបាននិទ្ទេស A  ខ្ញុំក៏បានប្រាប់ទៅឪពុកម្ដាយនិងប្អូនស្រីរបស់ខ្ញុំ គាត់ល្អផង យំផង ធ្វើឱ្យខ្ញុំកាន់តែ មានកម្លាំងចិត្ត បានផ្ដល់នូវលទ្ធផលជូនពួកគាត់ ទោះជាគាត់យំ ប៉ុន្តែគាត់សប្បាយចិត្តនិងលទ្ធផលមួយនេះ អ្វីដែលខ្ញុំធ្វើបានទាំងភាពតស៊ូអត់ធ្មត់ ។

យុវជន អន ផានិត បានបញ្ជាក់ថា , ស្របពេលដែលឪពុករបស់ខ្ញុំពីការ ម្ដាយរបស់ខ្ញុំក៏ពិការ ប្អូនស្រីរបស់ខ្ញុំមិនទាន់រៀនសូត្របានខ្ពង់ខ្ពស់ គោលដៅរបស់ខ្ញុំចង់រៀនបន្តទៀត ប៉ុន្តែមិនដឹងថាអាចទៅរួចឬមួយយ៉ាងណា បើជីវភាព គ្រួសារខ្ញុំស្ថិតក្នុងកាលៈទេសៈបែបនេះនៅឡើយ។ ដូច្នេះខ្ញុំមានជម្រើសពីរ ចាំបាច់ត្រូវតែធ្វើឲ្យបាន ទីមួយបន្តការសិក្សាទៅមុខទៀត ទីពីរ អាចចូលធ្វើការ ទៅតាមសមត្ថភាពចំណេះដឹង ដើម្បីទទួលបានថវិកា ទំនុកបម្រុងក្នុងក្រុមគ្រួសារដែលកំពុងតែលំបាកនេះ។

ដោយឡែកម្ដាយ យុវជន អន ផានិត បាននិយាយថា, ខ្ញុំសប្បាយចិត្តណាស់ ឃើញកូនមានការប្រឹងប្រែង ទោះជាគាត់ដឹងថាឪពុកម្ដាយពីការ គ្មានប្រាក់ ប៉ុន្តែកូនប្រុសរបស់ខ្ញុំ គាត់តស៊ូ ទម្លាប់ញ៉ាំបាយពីផ្ទះរួចទៅសាលា ចំពោះថវិកាសម្រាប់ឱ្យកូនទៅសាលានោះ ខ្ញុំពិតជាគ្មានមែន ទោះត្រឹម 500 រៀលក្តី ។ លោកស្រីបន្តថា , សព្វថ្ងៃខ្ញុំ ដោះស្រាយជីវភាពគ្រួសារបានខ្លះ តាមរយៈការខិតខំកាត់ដេរ បន្ទាប់ពីអង្គការបានផ្ដល់ម៉ាស៊ីនដេរ ឱ្យមួយគ្រឿង ។

សូមរំលឹកបន្តិចផងដែរថា , បើមើលពីទិដ្ឋភាពផ្ទះរបស់ យុវជន អន ផានិត ពិតជាលំបាកពេកហើយ ខ្វះជញ្ជាំង ល្ហល្ហេវ ឪពុកម្ដាយសុទ្ធតែពិការ ប៉ុន្តែខ្លួននិងប្អូនស្រី ជាកូនប្រកបដោយកតញ្ញូ ខិតខំប្រឹងប្រែងរៀនសូត្រ មុខមាត់កាយសម្បទា សុខភាពមាំមួន ដើរដោយគន្លងធម៌ឪពុកម្ដាយ  ពិតជាគួរឱ្យ ស្រឡាញ់ អាណិត ។

សូមរំលឹកឡើងវិញថា, ទោះផ្ទះខ្ទមតូចទាប យកខ្យល់ធ្វើជញ្ជាំង ជីវភាពក្រីក្រ ឪពុកពិការ ប៉ុន្តែ យុវជន អន ផានិត បានប្រឡងជាប់បាក់ឌុបឆ្នាំ២០២៣ ទទួលបាននិទ្ទេស A !

និយាយរួមទៅ ! ភាពក្រខ្សត់ ក្តីលំបាក ក្នុងស្ថានភាពគ្រួសារមានជីវភាព ក្រីក្រ ផ្ទះខ្ទមតូចទាប យកខ្យល់ធ្វើជញ្ជាំង ឪពុកក៏ពិការ ។ ប៉ុន្តែមិនមែនជាឧបសគ្គ ដែលត្រូវឲ្យយុវជនម្នាក់នេះ លះបង់ការសិក្សាចោលឡើយ ។ យុវជន អន ផានិត កាន់តែបង្កើនការតស៊ូ អត់ធ្មត់ សិក្សារៀនសូត្រ ជាមួយមិត្តភ័ក្ដិ ដោយទឹកមុខស្រស់បស់ (ញញឹមមែន តែបេះដូងយំ) ខណៈខ្លួនរស់នៅ ក្នុងស្ថានភាពមួយ ខ្វះមុខ ខ្វះក្រោយ ឪពុកម្ដាយមានអម្រែកធ្ងន់ធ្ងរ ទើបរូបគេ ត្រូវបន្តខំទៅមុខ ដើម្បីកែប្រែជីវភាពជីវិតគ្រួសារមួយនេះ ទទួលបានភាពស្រស់ស្រាយ ដោយសមត្ថភាពនិងគំនិតបញ្ញា កើតចេញពីការរៀនសូត្រ។

សូមកោតសរសើរ និងចូលរួមអបអរសាទរ ចំពោះប្អូនប្រុស អន ផានិត ដែលប្រឡងជាប់បាក់ឌុបឆ្នាំ២០២៣នេះ ហើយទទួលបាននិទ្ទេស A !  ។ ភាពក្រីក្ររបស់គ្រួសារប្អូន មិនមែនជាដុំពពកពណ៌ខ្មៅ រារាំងឆន្ទៈប្អូនមិនឲ្យដើរទៅមុខឡើយ។ អ្វីដែល អស្ចារ្យបំផុត ! ប្អូនត្រូវហែលឆ្លងកាត់ ការលំបាក ដើម្បីលើកទឹកចិត្តដល់ម្ដាយ ឪពុកជាជនពិការ និងប្អូនស្រី ធ្វើយ៉ាងណា ឱ្យខ្ទមជរាដែលប្អូនកំពុងជ្រកកោន ក្លាយជាសំណង់គេហដ្ឋានមួយដ៏សមរម្យ តាមរយៈ ការខិតខំរៀនសូត្រ យកចំណេះជាទុន ជូនជីវិតគ្រួសារ អោយមានភាពភ្លឺស្វាង សុភមង្គលរុងរឿង ។

សូមបញ្ជាក់ថា ៖ , បើទោះបីប្អូនប្រុសមានឪពុកពិការ គ្រួសារក៏មិនធូរធារ តែប្អូនប្រុសបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបាននិទ្ទេសល្អប្រសើរបែបនេះ! នរណា ៗ ក៏មិនជិនណាយក្នុងការកោតសរសើរអំពីវីរភាព ការតស៊ូរបស់ប្អូនឡើយ។

សូមជូនពរប្អូនប្រុស ទទួលបានជោគជ័យបន្តទៀតលើការសិក្សា និងមានអនាគតដ៏ប្រសើរ! មានចំណេះដឹង មានអនាគតល្អ។

សូមជម្រាបជូនថា៖ , ប្អូនប្រុស អន ផានិត មកពីវិទ្យាល័យ សម្ដេចជាស៊ីមអង្គរជ័យ ខេត្តកំពត។

សង្ឃឹមថា, អាជ្ញាធរមូលដ្ឋាន ជួយផ្ដល់កម្លាំងចិត្ត ដល់ប្អូននិងក្រុមគ្រួសារ ដើម្បីរក្សានូវធនធានមនុស្ស កើតចេញពីការតស៊ូ ភាពក្រខ្សត់លំបាកនេះ យកចំណេះដឹងទៅបម្រើប្រទេសជាតិមាតុភូមិ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖