សារព័ត៌មាន Reuters បានផ្សាយថា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយក្នុងសារមួយផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថា ប្រទេសរបស់លោក នឹងឈរនៅជាមួយទីក្រុងមូស្គូជានិច្ច។ក្នុងសារអបអរឱកាសបុណ្យឯករាជ្យជាតិរបស់ប្រទេសរុស្ស៉ី លោក គីម បានហៅលោក ពូទីន ថាជា «សមមិត្តសម្លាញ់» និងបានសាទរទំនាក់ទំនងទ្វេភាគីថាជា ទំនាក់ទំនងពិតប្រាកដមួយរវាង «សមមិត្តរួមអាវុធ»។ បើតាម KCNA លោក គីម បានលើកឡើងថា «រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) និងរូបខ្ញុំផ្ទាល់ មានឆន្ទៈយ៉ាងមុតមាំជាទីបំផុត ដើម្បីបន្តទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៉ី»។
បើតាមសេចក្តីរាយការណ៍ កាលពីថ្ងៃពុធរបស់ KCNA លោក គីម បានផ្ញើការអបអរសាទរថ្ងៃបុណ្យឯករាជ្យរុស្ស៉ីទៅកាន់ លោក ពូទីន។ កាលពីចុងខែមេសាឆ្នាំនេះ ទីក្រុងព្យុងយ៉ាងបានទទួលស្គាល់ជាលើកដំបូងថា ខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន តាមបញ្ជាផ្ទាល់របស់លោក គីម ជុងអ៊ុន៕

ដោយ៖ ធីរីណា(រូបថត៖ KCNA)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច