ភ្នំពេញ ៖ ក្នុងព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងក្នុងនាមខ្ញុំព្រះករុណា ខ្ញុំផ្ទាល់ ខ្ញុំព្រះករុណា ខ្ញុំមានបីតិសោមនស្ស សូមចូលរួមអបអរសាទរជាមួយបងប្អូន កូនក្មួយ ជនរួមជាតិ មានពិការភាព ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ ខ្ញុំព្រះករុណា ខ្ញុំសូមជម្រាបសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកនិងស្រឡាញ់ជាទីបំផុត ជូនបងប្អូន កូនក្មួយ ជនមានពិការភាពគ្រប់រូបនិងគ្រប់ក្រុមគ្រួសារ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យ គ្រប់កិច្ចការ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយ ហើយសូមគាំទ្រលើប្រធាន បទ “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ ព្រោះបាន បង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ការសម្របសម្រួលផាសុកវត្ថុនៅទីកន្លែងសាធារណៈ និង ឯកជនលើកកម្ពស់អភិបាលកិច្ចល្អជូនជនមានពិការភាពនិងជំរុញការចូលរួមដ៏ថ្លៃថ្លាមិនអាចខ្វះបានរបស់ បងប្អូន កូនក្មួយ ជនមានពិការភាព និងក្រុមគ្រួសារក្នុងសកម្មភាពអភិវឌ្ឍន៍សង្គម ជាពិសេសតាមបែប បច្ចេកវិទ្យាឌីជីថល។
ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមអបអរសារទរសមិទ្ធផល២៥ឆ្នាំកន្លងមក របស់រាជរដ្ឋាភិបាលតាមរយៈការ អនុវត្តនយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកបដោយជោគជ័យធ្វើឱ្យ ប្រជាជាតិកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី មានអធិបតេយ្យភាព បូរណភាពទឹកដីទាំងស្រុង។ អតីតរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រ ចតុកោណទាំង៤ដំណាក់កាលដោយបានរុញច្រាននាវាកម្ពុជា សម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យ រួមមានសេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបានលើកកម្ពស់កិត្យា នុភាពកម្ពុជាកាន់តែត្រចះត្រចង់នៅលើឆាកជាតិនិងអន្តរជាតិ។
ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះវីរភាពដឹកនាំប្រកបដោយ ថាមវន្តនិងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្នុងគោលដៅជំរុញកំណើនការងារប្រសិទ្ធភាព សមធម៌ និងចីរភាពសេដ្ឋកិច្ច ដែលជាកាតាលីករជំរុញឱ្យសម្រេចបានទស្សនៈវិស័យរយៈពេលវែងសម្រាប់ ប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ខ្ញុំព្រះករុណា ខ្ញុំពិតជាមានការរំភើបនិងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាជន ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ សំដៅបង្កើតនិយតករសន្តិសុខសង្គមនិងមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេស ជនមានពិការភាព មានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមអភិក្រម * មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក – ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំព្រះករុណា ខ្ញុំសូមផ្តាំផ្ញើដល់ជនមានពិការភាពកម្ពុជាសូមបន្តកិច្ចខិតខំ ប្រឹងប្រែងស្វាធ្យាយ អភិវឌ្ឍចំណេះ ជំនាញឱ្យទាន់យុគសម័យអភិវឌ្ឍន៍ជឿនលឿន ពិសេសសម័យ បច្ចេកវិទ្យាទំនើបក្រោមដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារនិងមុខរបរ ឈានទៅ សម្រេចបាននូវគុណភាពជីវិតល្អប្រសើរ ។
ក្នុងន័យនេះ ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តលើកកម្ពស់សិទ្ធិ និង ការចូលរួមរបស់ជនមានពិការភាពកម្ពុជាយើងដោយមិនមានការរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំង អស់គ្នា ពិសេសធ្វើឱ្យសិទ្ធិក្លាយជាការពិត។ ជនមានពិការភាពរបស់យើងត្រូវការភាពកក់ក្តៅ ស្រឡាញ់ រាប់អាន ដែលប្រការនេះគឺជាការលើកទឹកចិត្តដ៏ធំធេងក្នុងការអភិវឌ្ឍខ្លួនរបស់ពួកគាត់ ដោយមិនមានការ រើសអើងពីសង្គម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជនមានពិការភាពទទួលបានសិទ្ធិ ពេញលេញ។
ជាមួយគ្នានេះ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងនូវការកោតសរសើរនិងអរគុណជាអនេកចំពោះ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាតិនិងអន្តរជាតិ ប្រទេសជាមិត្ត អង្គការជាតិនិងអន្តរជាតិ ដែលបានចូលរួមវិភាគទានជូនរាជរដ្ឋាភិបាលកម្ពុជានូវថវិកា ស្បៀង សម្ភារៈក្នុងការ ជួយសង្គ្រោះប្រជារាស្ត្រ ជាពិសេសជនមានពិការភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដែ-១៩កន្លងមក។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់ក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងផ្តល់អាទិភាព ចំពោះ សុខុមាលភាពរបស់ជនមានពិការភាព ដែលជួបទុក្ខលំបាកនាពេលកន្លងមក ។
ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំសូមថ្វាយព្រះពរ សម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ និង ប្រគេនព្រះពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជូនពរសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជនរួមជាតិ ជាពិសេសបងប្អូន កូនក្មួយមានពិការភាព ទាំងអស់ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត សូមបានប្រកបតែនឹងព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា