ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល១១ខែឆ្នាំនេះ! កម្ពុជានាំចេញអង្ករបានជិត ៦០ម៉ឺនតោន គិតជាទឹកប្រាក់ ៤២០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញ​ថា​ រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជិត ៦០ម៉ឺនតោន គិតជាទឹកប្រាក់ ៤២០លានដុល្លារ ខណៈនាំចេញស្រូវជិត ៤លានតោន គិតជាទឹកប្រាក់ជាង ១១០០លានដុល្លារ។ 

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ក្នុងរយៈពេល១១ខែ(ចាប់ពីខែមករា-វិច្ឆិកា) ក្នុងឆ្នាំ២០៣ កម្ពុជាបាននាំចេញអង្ករបានចំនួនជិត៦០ម៉ឺនតោន ពោលគឺបានសរុប ៥៩៥ ៦៣០ តោន ដោយក្រុមហ៊ុននាំចេញអង្ករចំនួន៦០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះ ប្រទេសចិន និង តំបន់រដ្ឋបាលស្វយ័តមានចំនួន ១៩៨ ៧៦១ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១២៨.០០លាន ដុល្លារអាម៉េរិក។

ដោយឡែក​ចំពោះការនាំចេញអង្ករទៅមប្រទេសនៅទ្វីបអឺរ៉ុបមានចំនួន២៦ប្រទេសបានចំនួន ២៤០ ៧៥១ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៧១.៩០ លានដុល្លារអាម៉េរិក, នាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៦ ប្រទេស បានបរិមាណចំនួន ៧៦ ៥១៤ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៥០.៣៦ លានដុល្លារអាម៉េរិក និង ទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា -ល-។ បានចំនួន២៦ប្រទេស បានចំនួន៧៩ ៦០៤ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៧០.៥៤លានដុល្លារអាម៉េរិក។

សូមជម្រាបដែរថា​ វិស័យកសិកម្ម គឺជាវិស័យអាទិភាពដ៏សំខាន់របស់កម្ពុជា សម្រាប់ជំរុញការនាំចេញទៅក្រៅប្រទេស ហើយក្នុងនោះអង្ករ គឺជាផលិតផលដ៏សំខាន់របស់កម្ពុជាក្នុងការប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់និងពិភពលោក តាមពីក្រោយនូវផលិតផលកសិកម្មមួយចំនួនទៀត គឺចេក មៀនប៉ៃលិន​ ស្វាយ និង ផលិតផលជលផលមួយចំនួនទៀតផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖