ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តព្រូស បើកបញ្ច្រាសទិសទៅបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅក្នុងកោះពេជ្រនោះ សាច់ញាតិដែលជាក្រុមគ្រួសារជនរងគ្រោះ បានអំពាវនាវដល់សមត្ថកិច្ចជំនាញ មេត្តាជួយពន្លឿនការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនបង្ក យកមកផ្តន្ទាទោសផង ដើម្បីផ្តល់ភាពយុត្តិធម៌ជូនពួកគាត់ ។
ក្រុមគ្រួសាររបស់ជនរងគ្រោះ បានលើកឡើងថា ៖ ករណីនេះមិនមែនកើតហេតុនៅទីដាច់ស្រយ៉ាលនោះឡើយ វាកើតឡើងនៅទីប្រជុំជន នៅក្នុងរាជធានីភ្នំពេញ ដូច្នោះហើយ វាមិនមែនជាក្តីលំបាកសម្រាប់សមត្ថកិច្ចក្នុងការតាមប្រម៉ាញ់ចាប់ខ្លួនជនបង្កនោះឡើយ ដូច្នោះពួកគាត់សុំស្នើរឱ្យ សមត្ថកិច្ចព្យាយាមយកចិត្តទុកដាក់ ក្នុងការតាមចាប់ខ្លួនជនបង្កឱ្យខាងតែបានផង ខណៈរឿងនេះកើតឡើងច្រើនថ្ងៃហើយ តែនៅមិនទាន់មានតំរុយ ពីអ្នកបើកបរបង្កហេតុនៅឡើយ ។
គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍នេះបានកន្លងទៅ៧ថ្ងៃហើយ ពោលកើតហេតុ វេលាម៉ោង៥ និង២៦នាទីព្រឹកថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតនៅគល់ស្ពានកោះនរាត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះក្នុងគ្រោះថ្នាក់នេះ មានឈ្មោះ ចាន់ ប៉េងលាង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈ បូជា មានទីលំនៅភូមិសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកគុបស៊េរីចាស់គ្មានស្លាកលេខ ធ្វើដំណើរចេញពីផ្ទះបម្រុងធ្វើដំណើរទៅហាត់ប្រាណនៅកោះនរា ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកព្រូស ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ បានបើកបរបញ្ច្រាសរង្វង់មូលសួនច្បារ ក៏បានបើកលឿនទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ បែកក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្តង ។
សូមជម្រាបថា បច្ចុប្បន្ននេះសពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិ រៀបចំធ្វើបុណ្យបូជាតាមប្រពៃណីរួចរាល់ហើយ ។ ប៉ុន្តែ អ្វីជាភាពសោកសង្រែង ក្នុងមរណភាពរបស់ជនរងគ្រោះខាងលើ ក៏បានបន្សល់ទុកនូវភាពឈឺចាប់ធ្ងន់ធ្ងរដល់កូនៗ ពិសេសស្ត្រីជាប្រពន្ធ ដែលកំពុងមានជម្ងឺមហារីកសុដន់ធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍មួយផ្នែកទៅហើយ ឥឡូវបែរជាមកទទួលបានអារម្មណ៍ប៉ះពាល់ផ្លូវចិត្តមួយផ្នែកធំបន្ថែមទៀត ដែលជាការបាត់បង់មនុស្សជាទីស្រលាញ់បំផុតក្នុងជីវិត ដែលបានទៅហើយមិនអាចវិលត្រឡប់មកវិញ៕
ដោយ ៖ សហការី