ភ្នំពេញ ៖ បើយើងមើលលើការវាយលុករបស់ពួកហាម៉ាស់ ថ្ងៃទី ៧ តុលា ២០២៣ លើតំបន់កាន់កាប់ដោយអុីស្រាអែល តើមានផលវិបាកអ្វីខ្លះទៅលើអុីស្រាអែល ?
ការវាយបករបស់អុីស្រាអែលទៅលើពួកហាម៉ាស់វិញជាការវាយបកដោយប្រើកម្លាំងសរុប មធ្យោបាយសរុប ទៅលើមុខសញ្ញាសរុប ( យោធា សុីវិល អ្នកភៀសខ្លួន មនុស្សចាស់ក្មេង ) ។ ជាលទ្ធផល អុីស្រាអែល បានសម្លាប់មនុស្សជាង ១៥ ០០០ នាក់ កម្ទេចស្ទើរសូន្យហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ហ្កាហ្សាខាងជើង និង ចាប់ផ្តើមកម្ទេចភាគខាងត្បូងតំបន់ហ្កាហ្សាថែមទៀត ។ ពួកទន្ទ្រានដីអុីស្រាអែលនៅតំបន់ផ្សេងៗក៏ចាប់ផ្តើមប្រើអំពើហឹង្សាដើម្បីដណ្តើមយកដីពីពួកប៉ាលេស្ទីនដែលខ្លួនកាន់កាប់ ( តាំងពីចាប់កកើតប្រទេសមក អុីស្រាអែលបានពង្វាតទឺកដីខ្លួនតាមមធ្យោបាយយោធា ពោលគឺ ៣ ភាគ ៤ នៃទឹកដីអុីស្រាអែលបច្ចុប្បន្នជាទឹកដីកាន់កាប់តាមផ្លូវយោធាហើយដែលការសម្រេចរបស់អង្គការសហប្រជាជាតិមិនទទួលស្គាល់ឡើយ ) ។ នេះជាការវិភាគ របស់លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
លោកបន្តថា៖ ប៉ុន្តែការវាយលុករបស់អុីស្រាអែលតាមយុទ្ធនាការកម្លោចដី កម្ទេចរូងឧម្មង្គ កម្ទេចហាម៉ាស់ មិនទាន់បានទទួលផ្លែផ្កាពេញតាមបំណងទេ ។ ដូចពួកវៀតកុងនៅឆ្នាំ ១៩៦៨ ដែរ ក្បាលម៉ាសុីនពួកហាម៉ាស់មិននៅទីកន្លែងដែលជាមុខសញ្ញាកម្ទេចរបស់អុីស្រាអែលទេ ថ្វីតែអុីស្រាអែលប្រកាសថាបានសម្លាប់មេដឹកនាំក្រុមនេះក៏ដោយ ។ ការសម្លាប់មនុស្សអស់ជាង ១៥ ០០០ នាក់ក៏មិនមែនជាជោគជ័យដែរ ដោយថាអុីស្រាអែលកំពុងបង្កើនពូជអ្នកប្រឆាំងខ្លួនកាន់តែច្រើននៅពេលអនាគត ទន្ទឹមនឹងការគាំទ្រខ្លួនទាំងនៅក្នុងប្រទេស ទាំងនៅអន្តរជាតិបានថមថយយ៉ាងខ្លាំងពិសេសបន្ទាប់ពីការចូលលុកលុយនៅក្នុងមន្ទីរពេទ្យ ។
ក្រៅពីជោគជ័យលើសមរភូមិយោធា អុីស្រាអែលក៏ត្រូរប្រឈមនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលនឹងអាចក្លាយជាវិបត្តិសម្រាប់ប្រទេសទាំងមូលបើសិនជាសង្គ្រាមនេះនៅអូសបន្លាយ ។
បញ្ហាសេដ្ឋកិច្ចទីមួយដែលអុីស្រាអែលត្រូវប្រឈមគឺវិស័យទេសចរណ៍ដែលជាប្រភពសំខាន់មួយរបស់ជាតិត្រូវធ្លាក់ដល់សូន្យ ។ បញ្ហាទីពីរ គឺវិស័យកសិកម្ម និង សំណង់ ដែលជាដង្ហើមមួយទៀតរបស់អុីស្រាអែលក៏ធ្លាក់ដល់កម្រិតយ៉ាប់យ៉ឺនព្រោះពលករមួយចំនួនបានចាកចេញពីប្រទេស មួយចំនួនទៀតដែលជាប្រជាជនប៉ាលេស្ទីនសុីឈ្នួលក្នុងវិស័យនេះត្រូវបានគេបណ្តេញចេញពីប្រទេសផងដែរ ។ វិស័យសំខាន់នៃសេដ្ឋកិច្ចរបស់អុីស្រាអែលមួយទៀតគឺឧស្សាហកម្មបច្ចេកវិទ្យា ។ តែបច្ចុប្បន្នវិស័យនេះបានដំណើរការទាំងត្រដាបត្រដួសព្រោះ ១៥ ទៅ ២០ % នៃអ្នកជំនាញនេះត្រូវហៅអោយចូលទ័ពបម្រុង ( Reservists ) ។ បច្ចុប្បន្នអុីស្រាអែលរក្សាទ័ពបម្រុង ៣៦ ម៉ឺននាក់ដែលដកយកមកពីគ្រប់ផ្នែកនៃសេដ្ឋកិច្ចប្រទេស ទន្ទឹមនឹងមានប្រជាជន ១៣ ម៉ឺននាក់ដែលត្រូវជន្លៀស ។
ពោលគឺសេដ្ឋកិច្ចអុីស្រាអែលដែលគេចាត់ទុកជាសេដ្ឋកិច្ចដែកថែបទប់ទល់គ្រប់សភាពការណ៍ក្នុង ២០ ឆ្នាំចុងក្រោយនេះ ( វិបត្តិសេដ្ឋកិច្ចពិភពលោក វិបត្តកូវីដ១៩… ) បានធ្លាក់ចុះយ៉ាងគហុក ។ នៅមានត….៕
ដោយ ៖ សិលា