ខេត្តកណ្ដាល៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះជួយពង្រឹងគុណភាពសេវា មន្ទីរពេទ្យបង្អែកអង្គស្នួល និងមន្ទីរពេទ្យបង្អែកខ្សាច់កណ្ដាល។
ក្នុងអំឡុងបេសកកម្មពិនិត្យការងារនេះ លោក និង លោកស្រី រដ្ឋលេខាធិការបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកមន្ទីរពេទ្យបង្អែកអង្គស្នួល និងមន្ទីរពេទ្យបង្អែកខ្សាច់កណ្ដាល ថ្នាក់ដឹកនាំសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត-ស្រុក ដោយផ្ដោតលើផ្នែកសំខាន់ៗចំនួន៧គឺ៖ ១)ហេដ្ឋារចនាសម្ព័ន្ធ ។
២)ធនធានមនុស្ស ។
៣)សេវាគ្លីនិក ។
៤)ឧបករណ៍ បរិក្ខារពេទ្យ និង ឱសថ ។
៥)ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ។
៦)ការលើកកម្ពស់គុណភាពសេវា ។
និង៧)លក្ខខណ្ឌច្បាប់ និងកិច្ចការរដ្ឋបាល ។
ឆ្លៀតឱកាសនោះ លោក និងលោកស្រីរដ្ឋលេខាធិការបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ និងសម្ដែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល ខេត្តកណ្ដាលដែលបានលះបង់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ៕
ដោយ ៖ សហការី