ព័ត៌មានទាន់ហេតុការណ៍៖

ករណីស្រីស្រស់ស្អាត ជា ថាណាកា ហៅ ជា ណាកា បើកឡានបុកមនុស្សស្លាប់ ដោយសារអ្នកបើកម៉ូតូចូលគន្លងផ្លូវរបស់រថយន្ត ឯភាគីរថយន្តបានបើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតនៅ ក្នុងស្ថានភាពស្រវឹង

ចែករំលែក៖

ភ្នំពេញ ៖ មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីភាគីបើកបរម៉ូតូអគ្គីសនីបើកបរមិនប្រកាន់គន្លងផ្លូវ របស់ខ្លួនដោយបើកបរចូលគន្លងផ្លូវរបស់រថយន្ត ឯភាគីរថយន្តបានបើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតនៅ ក្នុងស្ថានភាពស្រវឹង ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។ 

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ៦៨៨៨ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ មហាវិថីសហព័ន្ធរុស្សី កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត១គ្រឿងម៉ាក Ford Mustang ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2BW-0080 បើកបរដោយឈ្មោះ ជា ថាណាកា ហៅ ជា ណាកា ភេទស្រី អាយុ២៥ឆ្នាំ និងម៉ូតូ អគ្គីសនី១គ្រឿងម៉ាក Sunra ពណ៌ខ្មៅ បើកបរដោយឈ្មោះ សុត មាល័យ ភេទប្រុស អាយុ៣៧ឆ្នាំ ។ ហេតុការណ៍ នេះបណ្តាលឲ្យឈ្មោះ សុត មាល័យ ជាអ្នកបើកបរម៉ូតូអគ្គីសនីបានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ចំណែកឯ ឈ្មោះ ជា ថាណាកា ហៅ ជា ណាកា ជាអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យចាត់ការបន្តតាមនីតិវិធី ។

ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់លើភស្តុតាង និងស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធ ជាពិសេស ពិនិត្យលើរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃើញថា៖ មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីភាគីបើកបរម៉ូតូអគ្គីសនីបើកបរមិនប្រកាន់គន្លងផ្លូវ របស់ខ្លួនដោយបើកបរចូលគន្លងផ្លូវរបស់រថយន្ត ឯភាគីរថយន្តបានបើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងស្ថិតនៅ ក្នុងស្ថានភាពស្រវឹង ។ ក្រោយមក ក្រុមគ្រួសាររបស់ភាគីទាំងសងខាងបានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទ ហើយភាគី ខាងម៉ូតូអគ្គីសនីបានទទួលសំណងរដ្ឋប្បវេណី និងមិនបានដាក់ពាក្យប្ដឹងឡើយ ។

ប៉ុន្តែដោយសារតែករណីនេះជារឿងព្រហ្មទណ្ឌ តំណាងអយ្យការបានបើកការស៊ើបសួរលើឈ្មោះ ជា ថាណាកា ហៅ ជា ណាកា តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ៖ ៥១៨៧ អយឆ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចដែលច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿង នេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ សហការី


ចែករំលែក៖