ខេត្តកំពត៖ ថ្មីៗនេះលោក ឈឹម ម៉េង នាយកតំបន់ការពារទេសភាពអន្លង់ព្រីងបានប្រាប់ឲ្យដឹងថា សត្វក្រៀលបានមកចុះរកចំណីជាថ្ងៃដំបូង នៅមុខនិងទីស្នាក់នៅបឹងធម្មជាតិអន្លង់ព្រីង នេះបើការតាមដានពេញមួយថ្ងៃវត្តមានសត្វកម្រប្រភេទនេះទើបតែមានចំនួនពីរក្បាលតែប៉ុណ្ណោះនៅបឹងធម្មជាតិជាធម្មតាដែលមានហើយរវាង៤ឬ៥ថ្ងៃខាងមុខ ពួកវានឹងត្រឡប់ទៅវិញរយៈពេលខ្លីដើម្បីនាំហ្វូងរបស់ពួក វាមកចុះស្នាក់នៅពេញមួយរដូវតែម្ដង។
មន្ត្រីជំនាញប្រទះឃើញសត្វក្រៀលដ៏កម្រ ២ ក្បាល បានចុះដំបូងគេសម្រាប់រដូវកាលឆ្នាំ២០២៣ -២០២៤ នៅបឹងធម្មជាតិអន្លង់ព្រីង ស្ថិតក្នុងឃុំបឹងសាលាខាង ត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ជាទីដែលពពួកសត្វកម្រប្រភេទនេះតែងមកស្នាក់ដើម្បីរកចំណីជាទៀងទាត់មុនធ្វើបម្លាស់ទីទៅកាន់កន្លែងបន្ទាប់។
បើតាមការឱ្យដឹងរបស់នាយកតំបន់បាននិយាយជារួម សត្វក្រៀលទាំងនោះមុននិងមកបែបនេះប្រៀបបាននឹងបេសកជនចុះពិនិត្យសភាពការណ៍ដូចច្នោះដែរ។
គួរបញ្ជាក់ផងដែរថា តំបន់អន្លង់ព្រីង ជាកន្លែងដ៏សំខាន់សម្រាប់សត្វក្រៀលមកស្នាក់នៅ និងរកចំណី ក្រោយ ពេលពួកសត្វកម្រប្រភេទនេះធ្វើបន្លាស់ទីមកពីតំបន់អភិរក្សបឹងព្រែកល្ពៅ ខេត្តតាកែវ អំឡុងចុងខែវិច្ឆិកា ឬ នៅក្នុងដើមខែធ្នូ ឆ្នាំ២០២៣នេះ ហើយលុះដល់ចុងខែមេសា ឬដើមខែឧសភា ពួកវានឹងចាកចេញពីតំបន់បឹងអង្លង់ព្រីង ទៅស្នាក់នៅខេត្តឧត្តរមានជ័យ រួចបន្តដំណើរទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
បើតាម លោក ឈឹម ម៉េង នាយកតំបន់បានឲ្យដឹងថាសត្វក្រៀលទាំងនោះនារដូវកាលឆ្នាំ២០២១-២០២២ វត្តមានសត្វក្រៀលនៅបឹងអន្លង់ព្រីង មានចំនួន ១៥៦ក្បាល រីឯឆ្នាំ២០២២-២០២៣ សត្វក្រៀលមានវត្តមានចំនួន ១០៣ក្បាល គឺមានការថយចុះ។
មន្ត្រីបរិស្ថាន និងអ្នកជំនាញរបស់អង្គការដៃគូកំពុងសិក្សាស្រាវជ្រាវបន្តដើម្បីបានដឹងថា តើការថយចុះរបស់សត្វក្រៀលមកពីមូលហេតុអ្វី៕
ដោយ៖ សូរិយា