ភ្នំពេញ ៖ លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានលើកឡើហថា៖ តើហេតុអ្វីបានជាយើងត្រូវការ «បណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ ឬ 5G»? លោកបានបកស្រាយថា៖
១) តើអ្វីទៅជាទំនាក់ទំនងរវាងឌីជីថលកម្ម និងតួនាទីបណ្តាញទូរគមនាគមន៍?
ហេតុតែយើងតម្រូវធ្វើឌីជីថលកម្ម ដោយសារតែ៖
– ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនយើងនិងឧបករណ៍អេឡិកត្រូនិករាប់ពាន់លានលើសកលលោក បាននិងកំពុងតភ្ជាប់ជាមួយនឹងបណ្តាញអ៉ីនធឺណិតល្បឿនមហាលឿន។
– ចំណាប់អារម្មណ៍ទៅលើឱកាសដែលអាចដោះស្រាយបាន តាមរយៈការធ្វើអន្តរកម្មរវាងការបង្កើតថ្មី/នវានុវត្តន៍នៃបច្ចេកវិទ្យា និងលទ្ធភាពនៃការលុកចូលទៅប្រើប្រាស់បណ្តាញបច្ចេកវិទ្យាអ៉ីនធឺណិតល្បឿនលឿន។
– ចំណាប់អារម្មណ៍ទៅលើឱកាសថ្មីៗនៃមធ្យោបាយនេះ សម្រាប់បុគ្គល ក៏ដូចជាសម្រាប់វិស័យនានាផងដែរ។
– ផលប៉ះពាល់វិជ្ជមានទៅលើសង្គមនិងសេដ្ឋកិច្ច។
ដើម្បីធ្វើឌីជីថលបច្ចេកវិទ្យា នោះតួនាទីរបស់បណ្តាញនិងសេវាទូរគមនាគមន៍ កាន់តែសំខាន់ ដោយហេតុថា៖
– បណ្តាញទូរគមនាគមន៍ នឹងក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពិភពឌីជីថលថ្មីនេះ។
– ការផ្តល់លទ្ធភាពនូវបណ្តាញទូរគមនាគមន៍មួយមានសមត្ថភាពបញ្ជូនទិន្នន័យដ៏មហាសែនលឿន និងគ្រប់ទីកន្លែង គឺជាសេចក្តីត្រូវការចាំបាច់ សម្រាប់រាល់បណ្តាកម្មវិធីប្រើប្រាស់នវានុវត្តន៍ថ្មីៗនៃផលិតកម្មនិងសេវាកម្មទំនើបថ្មីទាំងនោះ។
– សេវាទូរគមនាគមន៍នវានុវត្តន៍ អាចនាំមកនូវយុទ្ធសាស្រ្តនិងស្តង់ដារមួយនៃការចែកចាយ សម្រាប់ការធ្វើបដិរត្តន៍កម្មលើបណ្តាញទូរគមនាគមន៍គ្រប់ទីកន្លែង។
បច្ចេកវិទ្យាចំនួនមូលដ្ឋាន ៥ ដែលធ្វើឲ្យមានឌីជីថលកម្ម រួមមាន៖
១) ពពកកុំព្យូទ័រ (Cloud Computing) សំដៅដល់ភាពដែលរកបាននៃសេចក្តីត្រូវការនៃប្រភពប្រព័ន្ធកុំព្យូទ័រ ជាពិសេសការផ្ទុកទិន្នន៏យ និងអំណាចនៃការគណនាដោយគ្មានការគ្រប់គ្រងសកម្មដោយផ្ទាល់របស់អ្នកប្រើប្រាស់។ ក្លោដឬពពកធំៗ មានមុខងារចែកចាយនៅលើពហុទីតាំង ដែលទីតាំងនីមួយៗក្លាយជាមជ្ឈមណ្ឌលទិន្នន័យ។
២) បច្ចេកវិទ្យាជំនាន់ទី៥ ឬ 5G ដែលបណ្តាញអ៉ីនធឺណិតប្រ៊ដប៊ែននាយុគសម័យចុងក្រោយនេះនៃបច្ចេកវិទ្យាចល័ត។
៣) ការវិភាគទិន្នន័យ ឬ Data Analysis
៤) អ៉ីនធឺណិតនៃវត្ថុ (IoT) សំដៅដល់បណ្តាញប្រមូលផ្តុំនៃការតភ្ជាប់ឧបករណ៍និងបច្ចេកវិទ្យា ដែលគាំពារទំនាក់ទំនងរវាងឧបករណ៍និងក្លោដ ក៏ដូចជារវាងឧបករណ៍និងឧបករណ៍ខ្លួនឯងផងដែរ។
៥) សន្តិសុខសាយប័រ (Cybersecurity) សំដៅដល់ការអនុវត្តនៃការចូលរួមដោយមនុស្ស គោលនយោបាយ ដំណើរការ និងបណ្តាបច្ចេកវិទ្យា ដើម្បីការពារស្ថាប័ន ប្រព័ន្ធមានបញ្ហារបស់ពួកគេ និងព័ត៌មានរសើបៗរបស់ពួកគេ ចេញពីការវាយលុកឌីជីថល។
បណ្តាញបច្ចេកវិទ្យាជំនាន់ទី៥ ឬ 5G គឺជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់ឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០ និងដើរតួនាទីធ្វើឲ្យគ្រប់វិស៏យក្លាយជាវិស័យវៃឆ្លាត ដូចជា សិប្បកម្មវៃឆ្លាត សុវត្ថិភាពនិងសន្តិសុខវៃឆ្លាត ការដឹកជញ្ជូនវៃឆ្លាត សុខាភិបាលវៃឆ្លាត គេហដ្ឋានវៃឆ្លាត ឋាមពលវៃឆ្លាត គមនាគមន៍វៃឆ្លាត និងវិស័យដទៃទៀតវៃឆ្លាត។ល។
ការផ្តួចផ្តើមរបស់បុគ្គលពាក់ព័ន្ធក្នុងវិស៏យ (ស្តង់ដារ) រួមមាន៖
១) ការកំណត់ស្តង់ដារ គឺជាវត្ថុសំខាន់បំផុតសម្រាប់ភាពជោគជ័យនៃបច្ចេកវិទ្យាជំនាន់ទី៥ ឬ 5G ។
២) ស្តង់ដារតម្រូវរួមមានទិដ្ឋភាព២ គឺ ការគាំពារជាក់លាក់នៃឧស្សាហកម្មបញ្ឈរ និង បណ្តាញ 5G និងបន្ទាហ្វ្រកង់ស៍វិទ្យុសម្រាប់ការតភ្ជាប់ក្នុងលំហរអាកាស។
ដើម្បីអនុញ្ញាតឲ្យបច្ចេកវិទ្យាបណ្តាញជំនាន់ទី៥ ឬ 5G កើតឡើងបាន លុះត្រាតែយើងអាចឆ្លើយនឹងសំណួរធំៗចំនួន២ គឺ៖
១) តើបន្ទាវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុមានគ្រប់គ្រាន់ឬនៅ?
២) តើមានបានកំណត់ផែនទីបង្ហាញផ្លូវ និងសេវាអាទិភាពសម្រាប់ការអភិវឌ្ឍហើយឬនៅ?
ដើម្បីឆ្លើយសំណួរខាងលើបាន គឺយើងត្រូវ៖
១) ធ្វើការសិក្សាសម្របសម្រួលជាមួយវិស័យឯកជនរកទុនវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធឌីជីដល
២) រៀបចំបរិយាកាសបទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តមួយឲ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ
៣) រដោះបន្ទាហ្វ្រេកង់ស៍វិទ្យុ ៧០០មីហ្គាហឺត ពីការប្រើប្រាស់លើបណ្តាញទូរទស្សន៍អាន់ណាឡូក ទៅជាទូរទស្សន៍ឌីជីថល និង ៣,៥ ហ្ស៊ីហ្គាហឺត ដែលកំពុងប្រើប្រាស់ដោយបណ្តាញប្រ៊ដប៊ែនឥតខ្សែនិងផ្កាយរណប យកមកប្រើប្រាស់សម្រាប់ការអភិវឌ្ឍបណ្តាញ 5G
៤) សហការជាមួយក្រសួងស្ថាប័នដទៃទៀត ដើម្បី
– គិតគូរអំពីកម្មវិធីប្រើប្រាស់សម្រាប់វិស័យរបស់ខ្លួន
– បង្កើតថ្នាលឌីជីថលសម្រាប់គាំពារបណ្តាញរដ្ឋាភិបាលឌីជីថល
– កសាងមាត់ច្រកទូទាត់សងប្រាក់ ដើម្បីភ្ជាប់ទៅគ្រប់ធនាគារ និងទីតាំងឈ្មួញ សម្រាប់គាំពារការលក់ដូរ តាមអនឡាញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក។ល។
– រៀបចំគោលនយោបាយ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល និងអភិវឌ្ឍវិស័យឌីជីថល។
– រៀបចំច្បាប់និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹង ឯកជនភាព កិច្ចការពារទិន្នន័យ ពាណិជ្ចកម្មតាមប្រព័ន្ធអេឡិកត្រូនិករាប់បញ្ចូលទាំងប្រតិបត្តិការតាមប្រព័ន្ធអេឡិកត្រូនិក សន្តិសុខសាយប័រ និងបើកទូលាយប្រតិបត្តិការឌីជីថលដទៃទៀត៕
ដោយ ៖ លោក អ៉ឹម វុត្ថា