ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាលើឆាកអន្តរជាតិក្នុងការរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ទីក្រុងឌូបៃ៖ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួមនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ កម្ពុជាមានកិត្តិយសគួរជាទីមោទនៈ នៅលើឆាកអន្តរជាតិនៃសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨(COP28) ដោយទទួលបានការចុះហត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលើឯកសាររបស់ក្រុមប្រឹក្សាស្ការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទស្តីពីតួនាទីនិងភារកិច្ចសម្រាប់សហស្ថាបនិកនិងសមាជិក ក្រោមប្រធានបទ ស្តីពីសម្ព័ន្ធភាពជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង ។ 

    បន្ថែមពីនេះ កម្ពុជាទទួលការអញ្ជើញពីសន្និសីទកំពូលនេះឱ្យថ្លែងសុន្ទរកថាគន្លឹះ ស្តីពីការពន្លឿនការផ្លាស់ប្តូរនៅបណ្តាញអាកាសធាតុនិងអាហារូបត្ថម្ភ (Nutrition-Climate Nexus)។       នៅក្នុងសុន្ទរកថាគន្លឹះ កម្ពុជាដែលមានតំណាងដោយលោកបណ្ឌិតអ៊ាង សុផល្លែតអះអាងនិងគូសបញ្ចាក់លើការងារអាទិភាពថា ដើម្បីឆ្លើយតបនឹងប្រធានបទនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពរួចទៅហើយនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបណ្តុះដើមឈើជាង១លានដើមក្នុង១ឆ្នាំ សំដៅបង្កើនគម្របព្រៃឈើឱ្យបាន៦០% ត្រឹមឆ្នាំ២០៥០ និងចូលរួមកែប្រែគុណភាពដីសម្រាប់ដំណាំកសិកម្ម ។

   លទ្ធផលគួរទីមោទនមួយទៀតនៅថ្ងៃដដែលនេះ កម្ពុជានឹងត្រៀមដាក់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពទៅជាអង្គភាពទទួលស្គាល់ដែលមានលក្ខណៈឯករាជ្យភាព អធិបតេយ្យភាពកម្ពុជា និងភាពជាម្ចាស់ (Accredited Entity) ដោយមានការគាំទ្រនិងសន្យាជួយសម្របសម្រួលពីលោកស្រី Nonhlanhla Zindela អគ្គនាយិការង និងជាប្រធានកម្មវិធីមូលនិធិបរិស្ថានបៃតង Green Climate Fund (GCF) ឱ្យបានក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ហើយនឹងឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។

   សូមរម្លឹកជូនថា សន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមនាឆ្នាំនេះ មានរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ៕

ដោយ ៖ សហការី


ចែករំលែក៖