ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកកំពុងតែជួយរុស្ស៊ីបំពេញក្ដីស្រមៃ ដោយពន្យារពេលផ្តល់ជំនួយអាវុធដល់អ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានធ្វើការអំពាវនាវយ៉ាងរំជើបរំជួលមួយឱ្យសហរដ្ឋអាមេរិកបន្តផ្ដល់ជំនួយយោធាដល់ប្រទេសរបស់លោក ភ្ជាប់ជាមួយការព្រមានថា បរាជ័យក្នុងការជួយអ៊ុយក្រែនដើម្បីបំបាក់ការឈ្លានពានរបស់រុស្ស៉ី នឹងក្លាយជាការបំពេញក្ដីស្រមៃបំផ្លាញប្រជាធិបតេយ្យក្នុងតំបន់អឺរ៉ុបរបស់វិមានក្រឹមឡាំង។
លោក ហ្សេលេនស្គី ធ្វើការអំពាវនាវខាងលើក្នុងសុន្ទរកថាទៅកាន់អ្នកចូលរួមក្នុងវេទិកាមួយរៀបចំឡើងនៅឯសាកលវិទ្យាល័យ National Defense University កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នាឱកាសបំពេញទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក។ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមិនត្រឹមតែកំពុងប្រយុទ្ធដើម្បីការពារអាយុជីវិតជាតិរបស់ខ្លួនប៉ុណ្ណោះទេ តែក៏កំពុងប្រយុទ្ធដើម្បីការពារសេរីភាពដែលកើតមានពាសពេញតំបន់អឺរ៉ុប ក្រោយសហភាពសូវៀតរលំរលាយ។
ដោយឡែក ជាការឆ្លើយតបទៅនឹងក្រុមអ្នកតំណាងរាស្ត្រមួយចំនួនមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាទាំង២របស់សហរដ្ឋអាមេរិកដែលប្រឆាំងនឹងការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន លោក ហ្សេលេនស្គី ក៏បានសង្កត់ធ្ងន់ផងដែរថាអ្នកនយោបាយមិនត្រូវក្បត់ទាហាននោះទេ ហើយថាការពន្យារពេលផ្ដល់ជំនួយរបស់សហរដ្ឋអាមេរិកនឹងក្លាយជាការបំពេញក្ដីស្រមៃរបស់ លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀរ ពូទីន។ «ប្រសិនបើបញ្ហានេះ (ការផ្ដល់ជំនួយយោធា) មិនត្រូវបានដោះស្រាយនៅសភាអាមេរិកទេ នោះវានឹងក្លាយជាអ្វីដែលលោក ពូទីនចង់ឃើញ។ ពួកគេនឹងបានឃើញថាក្ដីស្រមៃរបស់ពួកគេក្លាយជាការណ៍ពិត»។ «អ្នកអាចពឹងផ្អែកលើអ៊ុយក្រែន ហើយយើងក៏សង្ឃឹមដែរថា យើងអាចពឹងផ្អែកលើអ្នកបានដូចគ្នា»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី។
លោក ហ្សេលេនស្គី នឹងត្រូវជួបពិភាក្សាជាមួយលោក ចូ បៃដិន នៅឯសេតវិមាន ព្រមទាំងនឹងត្រូវជួបតំណាងរាស្ត្រមកពីគណបក្សធំទាំង២របស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងនោះរួមមានទាំងប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Mike Johnson។

ជំនួបនេះកើតមានឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋកាលពីសប្ដាហ៍នេះបានរាំងខ្ទប់សំណើរបស់សេតវិមានឱ្យទម្លាក់កញ្ចប់ថវិកា ១០៦ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែននិងអ៉ីស្រាអែល៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖