ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញ​ ក.ប.ប.​ ធ្វើតេស្តលើងៀតគោ សាច់ក្រក ខ្ញីហាន់ បាញ់កាញ់ ស្ពៃជ្រក់ ស្វែងរក​សារធាតុគីមីហាមឃាត់នានា

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹង​នៅយប់ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០២៣នេះថា៖​ ការត្រួតពិនិត្យទីផ្សារដូចភ្លៀងរលឹម នាំមកនូវការពារដល់សុខុមាលភាពនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ 

ជាក់ស្ដែង​មន្ត្រីអធិការកិច្ចម្ហូបអាហារ ដែលទទួលបានអាណត្តិពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៃសាខា ក.ប.ប. ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ បាត់ដំបង កាលពីថ្ងៃទី១១ ខែធ្នូម្សិលមិញនេះ​ បានបន្តអនុវត្តការត្រួតពិនិត្យទីផ្សារ តាមរយៈការយកចិត្តទុកដាក់ពិនិត្យអនុលោមភាពរបស់ទំនិញចម្រុះគ្រប់ប្រភេទ នៅក្នុងទីផ្សារភូមិសាស្ត្ររបស់ខ្លួន។ 

តាមការបញ្ជាក់របស់មន្ត្រីជំនាញ មន្ត្រីបានធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់នានា លើទំនិញហូបចុកចំនួន ៧គំរូ រួមមាន៖ ងៀតគោ សាច់ក្រក ខ្ញីហាន់ បាញ់កាញ់ ស្ពៃជ្រក់ ដែលជាលទ្ធផលពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់នោះទេ។ យ៉ាងណាមិញ តាមរយៈការត្រួតពិនិត្យបន្ត មន្ត្រីជំនាញ​បានរកឃើញទំនិញចម្រុះ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៦៦.៤គីឡូក្រាម និងបានអប់រំណែនាំដល់ម្ចាស់អាជីវកម្មទឹកពិសារ ១ទីតាំងក្នុងខេត្តបាត់ដំបង ឱ្យបានយល់ដឹងអំពីការដាក់ស្លាកសញ្ញានៅលើសំបកវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញ​ បានបន្តអប់រំផ្សព្វផ្សាយដល់អាជីវករអំពីបទប្បញ្ញត្តិនានាដែលពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរបស់ពួកគេ រួមទាំងចែកខិត្តប័ណ្ណស្តីពីកិច្ចការហាឡាលចំនួន ២០សន្លឹកដល់អាជីវករ៕

ដោយ៖ សហការី


ចែករំលែក៖