ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អនុញ្ញាតឱ្យតំណាងនគរបាលសហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា ចប់អាណត្តិចូលជួបសម្តែងការគួសម និងជម្រាបលា និងឧទេ្ទសនាមតំណាងនគរបាលសហព័ន្ធអូស្ត្រាលីថ្មី

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឱ្យលោក អែនធើនី មឹកក្វាយ នាយនគរបាលជាន់ខ្ពស់ តំណាងនគរបាលសហព័ន្ធអូស្រ្តាលីអមស្ថានទូតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាខណៈចប់អាណត្តិបេសកកម្មនៅកម្ពុជា និងឧទ្ទេសនាម លោកស្រី រ៉េសល ប៊ល នាយនគរបាលជាន់ខ្ពស់ ដែលនឹងចូលមកបន្តការងារជាតំណាងនគរបាលសហព័ន្ធអូស្រ្តាលីអមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា​ នាព្រឹកថ្ងៃពុធទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ​ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ 

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ  បានថ្លែងអំណរគុណដល់ប៉ូលីសសហព័ន្ធអូស្ត្រាលី(AFP) ដែលតែងផ្តល់កិច្ចសហការល្អក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន លោក ក៏បានសម្តែងការស្វាគមន៍ និងសំណេះសំណាលជាមួយ លោកស្រី រ៉េសល ប៊ល នាយនគរបាលសហព័ន្ធអូស្រ្តាលីជាន់ខ្ពស់ អមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាថ្មី និងថ្លែងអំណរគុណដល់ លោក អែនធើនី មឹកក្វាយ ដែលបានផ្តល់កិច្ចសហការជាមួយនគរបាលជាតិកម្ពុជាសម្រេចបាននូវលទ្ធផលល្អរួមមាន៖ ការងារបណ្តុះបណ្តាល ការងារផ្លាស់ប្តូរព័ត៌មាន និងការបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនប្រភេទបានជាច្រើនករណី។ 

ជាមួយគ្នានោះ លោកអគ្គស្នងការរង ក៏បានស្នើឲ្យ លោកស្រី រ៉េសល ប៊ល បន្តកិច្ចសហការដែលមានកន្លងមកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសបង្កើនកិច្ចសហការលើការងារបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ដើម្បីឲ្យធនធានមន្ត្រីនគរបាលជាតិសម្រេចបានស្របតាមតម្រូវការយុទ្ធសាស្ត្របច្ចុកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាការឆ្លើយតប លោក អែនធើនី មឹកក្វាយ និងលោកស្រី រ៉េសល ប៊ល បានទទួលយក និងសន្យាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិកម្ពុជា ពិសេសមន្ទីរប្រឆាំងគ្រឿងញៀនឲ្យកាន់តែស្អិតរមួតបន្ថែមទៀតទាំងការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕

ដោយ​៖ សហការី​


ចែករំលែក៖