ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃជំនួបរវាង សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងប្រធានគណៈកម្មាធិការ​អចិន្ត្រៃយ៍ ICAPP និងជាអតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ជុង អ៊ីយ៉ុង (Chung Eui-yong) ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ជាកិច្ចចាប់ផ្ដើម សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ជុង អ៊ីយ៉ុង និង គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានអរគុណចំពោះ ICAPP ដែលតែងតែគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយបានបញ្ជូនគណៈប្រតិភូមកចូលរួមសង្កេតការណ៍ បោះឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ តាំងពីនីតិកាលមុនៗ រហូតមកដល់ នីតិកាលទី៧ ដែលនេះបានបង្ហាញពីការផ្តល់នូវភាពត្រឹមត្រូវ និងភាពយុត្តិធម៌ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះ រាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា។

ជាកិច្ចឆ្លើយតប លោកអតីតរដ្ឋមន្ត្រីការបរទេស បានសម្តែងនូវក្តីសោមន្សរីករាយដែលអញ្ជើញមកបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាថ្មីម្តងទៀត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្តែងការគួរសមនៅក្នុង ឱកាសនេះ។ លោកអតីតរដ្ឋមន្ត្រីការបរទេស ក៏បានសម្តែងនូវការអបអរសាទរចំពោះវឌ្ឍនភាព នៃដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានអបអរសាទរជូនចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបានកត់សម្គាល់ផងដែរថា តាមរយៈ ការធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យនេះ ព្រះរាជាណាចក្រកម្ពុជាមានការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជូនជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ព្រះរាជាណាចក្រកម្ពុជានឹងបន្តអភិវឌ្ឍ កាន់តែខ្លាំងក្លាបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយជាប្រទេសមានចំណូល ខ្ពស់។ ក្នុងជំនួបនេះដែរ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេស ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពី សកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈ រវាងបណ្តាគណបក្សនយោបាយនៅក្នុងតំបន់អាស៊ី។ មួយវិញទៀត ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និង អរគុណចំពោះកម្ពុជា ដែលជាប្រទេសទីមួយ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធជាលើកទី២ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈដែលកម្ពុជាធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី៦ ម្តងរួចមកហើយ កាលពីឆ្នាំ២០១០ នៅរាជធានីភ្នំពេញ។

ជាការឆ្លើយតប សម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេស ដែលទទួលបានសេចក្តីទុកចិត្តពីសមាជិកអចិន្ត្រៃយ៍ ICAPP ក្នុងតួនាទីជាប្រធានអង្គការ ICAPP សារជាថ្មី សម្រាប់

អាណត្តិ២ឆ្នាំ។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ជូន លោកអតីតរដ្ឋមន្ត្រីការបរទេស និងគណៈប្រតិភូផងដែរថា

ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលកន្លងមកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជា ការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងដំណើរការប្រជាធិបតេយ្យយ៉ាងគត់មត់ ហើយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នឹងបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវនេះ ព្រមជាមួយនឹងការដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” “កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦- និង វិធានការគន្លឹះចំនួន៥” ដែលសុទ្ធតែយកប្រជាជនជាស្នូល តួយ៉ាងដូចជា៖ ការពង្រីកសេវាថែទាំសុខភាពសាធារណ: ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនចំនួន ១,៥ លាននាក់ ការលើកកម្ពស់កម្មវិធីជាតិជំនួយសង្គម ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការពង្រឹងគុណភាពសេវាអប់រំ ជាដើម។

មុននឹងបញ្ចប់ សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា វត្តមាន និងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពី ការពិតនៃទិដ្ឋភាពជាក់ស្ដែងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកក្នុងការការពារ ធម្មានុរូប ភាពត្រឹមត្រូវយុត្តិធម៌ និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា និងបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបាននូវបេសកកម្មរួមសម្រាប់ តំបន់អាស៊ី ដែលមានសន្តិភាព និងវិបុលភាព។ សម្តេចធិបតី ក៏បានសម្តែងនូវការគាំទ្រចំពោះការទទួលធ្វើជា ម្ចាស់ផ្ទះរបស់កម្ពុជា នៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នេះផងដែរ។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោក ជុង អ៊ីយ៉ុង (Chung Eui-yong) ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូឱ្យទទួលបានជោគជ័យក្នុងការបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានិងសូមឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព ៕

ដោយ ៖ សិលា


ចែករំលែក៖