ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ែន បូណា៖ វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងតូក្យូកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរពីគ្រប់ទិសទី!

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល​ លោក ប៉ែន បូណា បានកត់សម្គាល់ថា វត្តមានយ៉ាងច្រើនកុះកររបស់ពលរដ្ឋនិងនិស្សិតខ្មែរនៅក្នុងប្រទេសជប៉ុនដែលបានចេញមកទទួលស្វាគមន៍ដោយក្តីអំណរយ៉ាងក្រៃលែងចំពោះវត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងតូក្យូ គឺជាភស្តុតាងថ្មីមួយទៀតបញ្ជាក់ពីសន្ទុះគាំទ្រដូចទឹកបាក់ទំនប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចំពោះរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ 

លោកអ្នកនាំពាក្យ​រូបនេះ​ បន្តថា សុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍមិនធ្លាប់មានពីមុនដែលជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន គឺជាចំណុចខ្លាំងគ្មានគូប្រៀបរបស់រាជរដ្ឋាភិបាល ហើយដែលបាននិងកំពុងឆក់ទាញបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំបន្តវេនបានបង្ហាញសមត្ថភាពយ៉ាងពេញលេញក្នុងការថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សនិងកំពុងបន្តពូនជ្រំឱ្យកាន់តែរឹងមាំថែមទៀតដើម្បីធានានិរន្តរភាពនៃភាពសុខសានរបស់ប្រជាពលរដ្ឋខ្មែរ។  

បើតាមលោក ប៉ែន បូណា ការដាក់ចេញនូវយុទ្ធសាស្ត្រដឹកនាំប្រទេសដ៏ត្រឹមត្រូវ ទាំងគោលនយោបាយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ក៏ដូចជាគោលនយោបាយការបរទេស គឺជាកត្តាសត្យានុម័តដែលជំរុញសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋខ្មែរក៏ដូចជាពីសហគមន៍អន្តរជាតិ។ នៅគ្រប់ប្រទេសដែលប្រមុខដឹកនាំកម្ពុជាទៅដល់ សំឡេងស្វាគមន៍គាំទ្រកាន់តែកើនខ្លាំងឡើងជាលំដាប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទីនោះក៏ដូចជាម្ចាស់ប្រទេសដោយផ្ទាល់។ 

នេះគឺជាភស្តុតាងមិនអាចប្រកែកបានដែលបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឈានទៅមុខយ៉ាងស្វាហាប់លើមូលដ្ឋានគ្រឹះដ៏រឹងមាំដែលក្រាលដោយសម្តេចតេជោ។ សមិទ្ធផលមហាសាលដែលសាងឡើងដោយអ្នកជំនាន់មុន និងសមត្ថភាពចាត់ចែងបន្តយ៉ាងល្អរបស់អ្នកជំនាន់ក្រោយគឺជាកត្តាកំណត់នៃភាពចម្រុងចម្រើន ថ្កើងថ្កានរបស់ប្រទេសជាតិ។ ស្ថានភាពនេះបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងជាដែកឆក់ស្រូបទាញបេះដូងខ្មែរនៅគ្រប់ទិសទី។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល៕

ដោយ៖ សហការី


ចែករំលែក៖