ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនស្រ្តីម្នាក់ដែលប្រើហិង្សាលើអនីតិជនដែលជាក្មួយស្រីបង្កើតដោយចងដៃចងជើង

ចែករំលែក៖

ភ្នំពេញ៖ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នេះថា ករណីស្រ្តីដែលប្រើហិង្សាលើក្មួយស្រីបង្កើតខ្លួននេះសមត្ថកិច្ចយើងកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី។

លោកហ៊ាង ថារ៉េត អធិការឬស្សីកែវ បានឲ្យដឹងថា កាលពីម៉ោង១១យប់ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានស្រ្តីម្នាក់ដែលប្រើហិង្សាលើអនីតិជនដែលជាក្មួយស្រីរស់នៅជាមួយ ដោយចងដៃចងជើងត្រូវសមត្ថកិច្ចគរបាលប៉ុស្តិ៍ទួលសង្កែ១ ខណ្ឌប្ញស្សីកែវឃាត់ខ្លួន។

ក្មេងស្រីរងគ្រោះឈ្មោះ យ៉ាន សម្បតិ្តច័ន្ទវិលីស្សា  អាយុ៦ឆាំ្ន មុខរបរសិស្ស ។

ចំណែកជនសង្ស័យឈ្មោះ ឃុន វ៉ាន់ដា អាយុ៣៨ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុខាងលើ (ត្រូវជាអ៊ុំស្រីក្មេងរងគ្រោះ) ។

លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានហៅក្មួយចំនួន០៤នាក់ ហូបបាយជុំគា្ននៅក្នុងនោះ ក៏មានក្មេងស្រីរងគ្រោះឈ្មោះ យ៉ាន សម្បតិច័ន្ទវិលីហ្សាផងដែរ ។ ក្រោយពេលហូបបាយរួចជនសង្ស័យ បានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបាន ក៏ទាយដៃជនរងគ្រោះចេញពីផ្ទះមកឈរ នៅមុខផ្ទះខាងក្រៅរបងផ្ទះ រួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នុងផ្ទះ ចំណែកជនរងគ្រោះស្រែកយំក៏យកដៃវាយទា្វររបងផ្ទះ ធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបាន ក៏បើកទា្វររបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូ យកមកធ្វើសកម្មភាពចងជើង.ចងដៃ.ជនរងគ្រោះ ឲ្យដេកផ្កាប់មុខទៅនិងដី ហើយជីដូនជនរងគ្រោះ ចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះ ជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបងផ្ទះចំណែកជនរងគ្រោះនៅតែស្រែកយំធ្វើអោយជនសង្ស័យទ្រាំមិនបាន បើកទា្វររបងផ្ទះចេញមកក្រៅទះកំផ្លៀងជនរងគ្រោះ ចំនួន០៣ដៃទៅលើផ្ទៃមុខ ។ ក្រោយមកកម្លាំងសមត្ថកិច្ចខណ្ឌ ប៉ុស្តិ៍ជួយអន្តរាគមន៍ ឃាត់ជនសង្ស័យយកមកប៉ុស្តិ៍ចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់ផងដែរថា ម្តាយក្មេងស្រីរងគ្រោះមាន ឈ្មោះឃុន សុខគីម អាយុ៣៦ឆាំ្ន មុខរបរគ្រូពេទ្យ បានយកកូនចំនួន០៤នាក់ នៅក្នុងនោះក៏មានជនរងគ្រោះមា្នក់ផងដែរ យកមកឲ្យម្តាយបង្កើតនិងបងស្រីត្រូវជនសង្ស័យចិញ្ចឹមបីបាច់រៀនសូត្រ រយៈពេល០៤ឆាំ្នមកហើយ មុនឪពុកម្តាយលែងលះគា្ន៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖