ភ្នំពេញ៖ កម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី២៤ សីហា ២០២៣ បាន និងកំពុងអនុវត្តយ៉ាងស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន ២៥០នាក់ ត្រូវបានបញ្ចប់ជាស្ថាពរ ប្រកបដោយភាពលម្អិត ហ្មត់ចត់ មានវិន័យ និងមានសណ្តាប់ធ្នាប់ នាថ្ងៃអាទិត្យ ទី១៧ ធ្នូ ២០២៣។
មន្ត្រីបច្ចេកទេសកសិកម្មទាំង ២៥០នាក់នេះ នឹងត្រូវដាក់ពង្រាយក្នុងខេត្តចំនួន១៧ ដែលមានសក្តានុពលផ្នែកដំណាំកសិកម្ម រួមមាន ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី ដោយផ្តល់អាទិភាពដល់បេក្ខជនមានទីលំនៅក្នុងបណ្តាខេត្តគោលដៅ ដោយមានតួនាទីប្រមូលព័ត៌មានអំពីស្ថានភាពផលិតកម្មកសិកម្មនៅមូលដ្ឋាន ព្រមទាំងផ្តល់ព័ត៌មាន និងសំណូមពររបស់ប្រជាកសិករមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងស្វែងរកដំណោះស្រាយបានទាន់ពេលវេលា។
រាជរដ្ឋាភិបាល នីតិកាលទី៧ មានគោលដៅច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវិស័យកសិកម្ម ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀងនាថ្ងៃអនាគត ដោយបានផ្តល់ជាគោលការណ៍ក្នុងការជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្ម ចំនួន ២៥០នាក់ ក្នុងឆ្នាំ២០២៣ ចំនួន ៨០០នាក់ ក្នុងឆ្នាំ២០២៤ និងចំនួន ៥៥០នាក់ ក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបដល់ឃុំដែលមានសក្តានុពល និងសកម្មភាពកសិកម្មចំនួន ១ ៥៥០ ដែលបម្រើដល់កសិករប្រមាណ ២លានគ្រួសារ។
មន្ត្រីបច្ចេកទេសកសិកម្មទាំងអស់ ក៏នឹងក្លាយជាសេនាធិការដ៏សំខាន់ក្នុងការដោះស្រាយបញ្ហារបស់ប្រជាកសិករ ព្រមទាំងជួយអភិវឌ្ឍសហគមន៍កសិកម្មនាពេលបច្ចុប្បន្ន ឱ្យក្លាយជាសហគមន៍កសិកម្មទំនើប ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយកិច្ចការអាទិភាពទី៤ នៅក្នុងបញ្ចកោណទី៤ គឺផ្តោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ៕
ដោយ៖ សហការី