ប្រសិនបើអុីស្រាអែលមិនមែនជាបក្ខពួករបស់ប្រទេសលោកខាងលិចនោះ នឹងត្រូវប្រទេសលោកខាងលិចថ្កោលទោសជាឧក្រិដ្ឋកម្មសង្គ្រាម និងប្រាកដជាទទួលរងទណ្ឌកម្មជាមិនខាន។ ប៉ុន្តែផ្ទុយទៅវិញប្រទេសលោកខាងលិចនៅស្ងៀមទុកឱ្យអុីស្រាអែលប្រព្រឹត្តល្មើសតាមតែអំពើចិត្ត។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃទី១៧ខែធ្នូថា មន្ទីរពេទ្យ Al Shifa ក្នុងតំបន់ហ្កាហ្សា កំពុងព្យាយាមរក្សាសមត្ថភាពព្យាបាលរបួសជាមូលដ្ឋាន ហើយមិនមានឈាមសម្រាប់សង្រ្គោះជីវិតនិងបុគ្គលិកគ្រប់គ្រាន់សម្រាប់ថែទាំអ្នកជំងឺជាប្រចាំនោះទេ។
បន្ទាប់ពីមានការចុះពិនិត្យរបស់អង្គការសហប្រជាជាតិ (UN) ដើម្បីផ្តល់ថ្នាំនិងផ្គត់ផ្គង់ផ្នែកវះកាត់ ក្រុមការងារនៃ UN ក៏បានពណ៌នាពីស្ថានភាពរបស់នាយកដ្ឋាន សង្គ្រោះបន្ទាន់ នៅក្នុងមណ្ឌលសុខភាពសំខាន់ៗនៃតំបន់ជុំវិញថាគ្នាស្រដៀងទៅនឹង «ស្ថានការណ៍បង្ហូរឈាមដូច្នោះដែរ»។
WHO បានឱ្យដឹងថា មានជំងឺរបួសរាប់រយនាក់នៅក្នុងមន្ទីរពេទ្យស្រាប់ ដោយត្រឹមតែក្នុង១នាទីមានអ្នកថ្មីៗមកដល់ទៀត និងត្រូវដេររបួសនៅលើឥដ្ឋផ្ទាល់ដោយគ្មានថ្នាំបំបាត់ការឈឺចាប់។ មានតែមន្ទីរពេទ្យចំនួន ៤ ក្នុងចំណោម ២៤ប៉ុណ្ណោះ ដែលនៅដំណើរការនៅឯភាគខាងជើងតំបន់ហ្កាហ្សា ហើយ៣កន្លែងក្នុងចំណោមនោះទៀតសោតគឺស្ទើរតែមិនអាចដំណើរការបាន។
WHO កំពុងប្រមូលព័ត៌មានបន្ទាន់ៗនៅមន្ទីរពេទ្យ Kamal Adwan ជាកន្លែងដែលអាជ្ញាធរតំបន់ហ្កាហ្សាចោទថា កងកម្លាំងអ៉ីស្រាអែលក្នុងសប្តាហ៍នេះបានប្រើគ្រឿងចក្រឈូសឆាយដើម្បីកម្ទេចតាមបរិវេណដែលពួកគេចោទថាត្រូវបានប្រើដោយក្រុមហាម៉ាស់។ ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ត្រូវបានគេជឿជាក់ថា ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សានៅឡើយ បន្ទាប់ពីកងកម្លាំងអ៉ីស្រាអែលរុញច្រានប្រជាជនភាគច្រើនទៅកាន់ភាគខាងត្បូង អំឡុងថ្ងៃដំបូងនៃយុទ្ធនាការទម្លាក់គ្រាប់បែកនិងសង្គ្រាមជើងគោកដែលបានចាប់ផ្តើមសងសឹកនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN-VNA)