ភ្នំពេញ៖ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃចន្ទទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងរដូវនេសាទត្រីប្រហុក-ផ្អក នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៩ ដល់២៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ!
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជូនដំណឹងដល់ សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ ពីថ្ងៃអង្គារ ៧កើត ដល់ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូន តាមការគួរ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖