ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់ របួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់២នាក់និងរបួសធ្ងន់ស្រាល៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ករណីទី១បានកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៧និង១៥នាទី នៅលើផ្លូវលេខ316A ស្ថិតក្នុងភូមិព្រៃគគីរ ស្រុកចន្ទ្រា មានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1N-4360 បើកបរដោយឈ្មោះ រឿន សំណាង ភេទប្រុសអាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិព្រៃអង្គញ់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើដំណើរពីលិចទៅកើត ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសូនិក ពណ៌ខ្មៅលាយក្រហមគ្មានស្លាកលេខ បើកបរដោយឈ្មោះ មុំ ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ  ជាកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងធ្លក ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានបើកវ៉ាជែងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នធ្វើឱ្យជ្រុលទៅបុកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយឈ្មោះរឿន សំណាង ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយមកសាកសពត្រូវបានកម្លាំងជំនាញប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

ករណីទី២បានកើតឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៧និង៥៧ នាទីយប់លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៦-១៦៧ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KM-2247 បើកបរដោយឈ្មោះ អា តាំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅក្នុងភូមិបឹងកន្ទឹម ឃុំជើងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងអ្នករួមដំណើរឈ្មោះ ឃុន កា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅក្នុងភូមិបឹងកន្ទឹម ឃុំជើងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយធ្វើដំណើរពីកើតទៅលិច ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក SH mode ពណ៌ខ្មៅ ពាក់ស្លាកលេខវៀតណាម 67-B1.326.79 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិវៀតណាម បើកបរពីកើតទៅលិចក៏បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលអោយបុរសខាងលើស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យបង្អែកជីភូ។

សមត្ថកិច្ចបញ្ជាក់ មូលហេតុ បណ្ដាលមកពីម៉ូតូពាក់ស្លាកលេខវៀតណាម 67-B1.326.79 បើកបរប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

ដោយ៖ សុថាន


ចែករំលែក៖