ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ថ្មីៗនេះធនាគារវីងបានសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដោយបានព្រមព្រៀងផ្តល់កម្ចីឥណទានប្រមាណ ៥ លានដុល្លារអាមេរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់អ្នកប្រកបរបរកសិកម្ម ក៏ដូចជាអ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់ការជួយជំរុញការអភវិឌ្ឍវិស័យកសិកម្មអោយលឿនទៅមុខមួយកម្រិតទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ធនាគារវីងក៏បានបង្កើតភាពជាដៃគូជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយសម្រួលទៅដល់យុវជនអោយទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេតាមរយៈការទទួលបានបទពិសោធន៍ហិរញ្ញវត្ថុនៃធនាគារឌីជីថលដ៏ទំនើប ដូចជាការចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើន។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់អគារធនាគារវីងថៅវើ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនាគារវីងបានចូលរួមការគាំទ្រដល់ការអនុវត្តគោលនយោបាយបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin Tech) នៅកម្ពុជាដែលបានពង្រីកវិសាលភាពនៅក្នុងការផ្តល់សេវាហិរញ្ញវត្ថុកាន់តែសម្បូរបែប។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ៖ ដើម្បីលើកស្ទួយវិស័យ ទេសចរណ៍ នៅកម្ពុជាឲ្យកាន់តែរីកចម្រើន ខ្លាំងក្លា បន្ថែមទៀតនោះ មិនថា ធនាគារវីង ឬធនាគារណានោះទេ គប្បី ធ្វើការ ពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទានដល់វិស័យនេះ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានស្នើដល់បណ្តាធនាគារទាំង អស់ពិនិត្យ លទ្ធភាព ក្នុងការផ្តល់ ឥណទាន ទៅ សហគ្រាស ធុនតូច និង ធម្យមផងដែរ ដើម្បី ធ្វើ យ៉ាង ណាជួយ សម្រាល ស្ថាន ភាព របស់ សហគ្រាសទាំងនោះ ឲ្យកាន់តែប្រសើរ និង ដើម្បីជួយជំរុញដល់ ចរន្តសេដ្ឋកិច្ច នៅកម្ពុជា កាន់តែល្អជាងមុនជាដើម៕
ដោយ ៖ សហការី