ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងត្រឡប់មកមាតុប្រទេសវិញ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ចនៅ ខេត្តហ្វូជៀន ប្រទេសចិន រយៈពេល៣ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ​ ស្ដេចយាងត្រឡប់មកដល់មាតុប្រទេសវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ចនៅខេត្តហ្វូជៀន ប្រទេសចិន រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

នាឱកាសនោះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានអញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  យាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញដោយព្រះរាជសុវត្ថិភាពហើយ​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ 

គួរបញ្ជាក់ថា​ ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនៅខេត្តហ្វូជៀននេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង យាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។ គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ពេលរូបលោកធ្វើការនៅទីក្រុងហ្វូចូវ៕

ដោយ៖ សហការី


ចែករំលែក៖