ព័ត៌មានទាន់ហេតុការណ៍៖

រូបចម្លាក់បដិមាថ្មភក់ចំនួន៦​ ត្រូវ​បានប្រទះឃើញនៅខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម

ចែករំលែក៖

ភ្នំពេញ៖ អ្នកស្រី នេត ស៊ីមន​ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា​ បានថ្លែង​ឱ្យ​ដឹង​ថា៖​ ក្រុមការងារជូសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំនៅក្នុងការដ្ឋានដែលពួកគេកំពុងតែជួសជុល។

អ្នកស្រី នេត ស៊ីមន​ បានបញ្ជាក់ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានរួម៖ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។ 

អ្នកបុរាណវិទូ​រូបនេះ​ បានបញ្ជាក់ទៀត​ថា រូបចម្លាក់ទាំងនោះបានកប់នៅក្រោមកំណកដីរបស់ខឿនខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ហើយក្រុមការងារបានប្រទះឃើញនៅពេលដែលអាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)ចាប់ផ្ដើមការងារជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ពន្ធខ្លោងទ្វារដែលនៅរាយប៉ាយដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូ កាលពីពាក់កណ្ដាលខែវិច្ឆិកា៕

ដោយ៖ សហការី


ចែករំលែក៖